(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ក្រុមអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ ក្នុងជំនួបឯកជនមួយនៅឯសេតវិមានកាលពីល្ងាចថ្ងៃពុធ ទី៣ ខែកក្កដា (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ថារូបលោកត្រូវការដេកឱ្យបានគ្រប់គ្រាន់ ហើយបានណែនាំដល់ក្រុមការងាររបស់លោកកុំឱ្យរៀបចំកាលវិភាគចូលរួមកម្មវិធីណាមួយ នៅក្រោយ ម៉ោង៨យប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times។

ការលើកឡើងរបស់លោក ចូ បៃដិន ដែលត្រូវបានចុះផ្សាយមុនគេដោយសារព័ត៌មាន New York Times កើតឡើង ចំពេលប្រធានាធិបតីវ័យ ៨១ឆ្នាំរូបនេះ កំពុងព្យាយាមបញ្ចុះបញ្ចូល និងធ្វើការធានាដល់មេដឹកនាំមួយក្រុមមកពីបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋចំនួន២០ ថាលោកមានសមត្ថភាពអាចយកឈ្នះលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ។ ភ្លាមៗខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយពីអ្វីដែលលោក បៃដិនបាននិយាយនោះទេ។ ប៉ុន្តែ លោក Kevin Munoz ជាអ្នកនាំពាក្យក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោក បៃដិន បាននិយាយថា «អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ធ្លាប់ចូលដេកនៅម៉ោង៩យប់ ហើយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ទទួលទានអាហារពេលល្ងាចនៅម៉ោង ៦៖៣០នាទី។ ប្រធានាធិបតីធម្មតាមអាចធ្វើរឿងទាំង២នេះ ហើយដូច្នេះលោក បៃដិនក៏អាចធ្វើបែបនេះដែរ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្ដេជ្ញាថានឹងបន្តធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បើទោះជាលោកកំពុងរងសម្ពាធ និងការអំពាវនាវពីអ្នកប្រជាធិតេយ្យមួយចំនួនឱ្យរូបលោកដកខ្លួនចេញពីការប្រកួតក៏ដោយ បន្ទាប់ពីធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន។ កាលពីថ្ងៃពុធ លោក បៃដិន បានជួបជាមួយអភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យចំនួន២៤រូប ទាំងតាមប្រព័ន្ធអនឡាញ និងជួបដោយផ្ទាល់។ ក៏ប៉ុន្តែ មានតែអភិបាលរដ្ឋ ចំនួន៣រូបប៉ុណ្ណោះមកពីរដ្ឋ New York, Minnesota និងរដ្ឋ Maryland បានសន្យាគាំទ្ររូបលោក៕