(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា បាននិយាយថាលោកជឿជាក់ចំពោះបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មាន ភាពស្មោះត្រង់អំពីចេតនាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកផ្ទាល់មិនដឹងថាតើលោក ត្រាំ មានគម្រោងបញ្ចប់សង្រ្គាមនេះដោយរបៀបណានោះទេ ក្នុងករណីជាប់ឆ្នោតជា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងប្រទេសកាហ្សាក់ស្ថាន និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើលោកយល់យ៉ាងណាចំពោះ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ដែលថារូបលោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនភ្លាមៗ ប្រសិនបើទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។

លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាយកចិត្តទុកដាក់ចំពោះការណ៍ដែលលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីម្នាក់បានប្រកាសថាលោកត្រៀមលក្ខណៈជាស្រេច ដើម្បី បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន... ជាការពិតណាស់ ខ្ញុំក៏មិនដឹងនោះដែរថាតើគាត់ (លោក ត្រាំ) មានផែនការយ៉ាងដូចម្ដេចដើម្បីបញ្ចប់សង្រ្គាមនេះ។ ក៏ប៉ុន្តែ ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ នោះគឺគាត់បានលើកឡើងពីរឿងនេះដោយស្មោះត្រង់ ហើយយើងគាំទ្រគំនិតបញ្ចប់សង្រ្គាម»។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ កាសែតអាមេរិក Washington Post បានរាយការណ៍ថាលោក ដូណាល់ ត្រាំ បាននិយាយជាលក្ខណៈឯកជនអំពីជម្រើសអនុញ្ញាតឱ្យលោក ពូទីន បន្តគ្រប់គ្រងតំបន់គ្រីមៀ និងទឹកដីនៃតំបន់ដុនបាសដែលកងកម្លាំងរុស្ស៉ីកំពុងកាន់កាប់មួយផ្នែក ជាថ្នូរដូរយកសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែលោក ត្រាំ រួមទាំង ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះនោះទេ៕