(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះ បានឱ្យដឹងថាយន្ដហោះយោធាចិន ៣៦គ្រឿងបានធ្វើសកម្មភាពហោះហើរនៅជុំវិញដែនកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនបានបង្កើនការដាក់សម្ពាធលើទីក្រុងតៃប៉ិ កាន់តែខ្លាំង នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានដឹកនាំការធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ក្រោយលោក Lai Ching-te ដែលប៉េកាំងចាត់ទុកថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រនេះ យន្ដហោះយោធាចិន៣៦គ្រឿង និងនាវាចម្បាំង ៦គ្រឿងបានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹកនេះ។

ក្រសួងបន្ថែមថា ក្នុងចំណោមយន្ដហោះយោធាចិនទាំង ៣៦គ្រឿង មាន៣៥គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចខណ្ឌចែកក្រៅផ្លូវការ មានប្រវែង ១៨០គីឡូម៉ែត្ររវាងចិន និងតៃវ៉ាន់។

គួរបញ្ជាក់ថា ការរាយការណ៍ពីវត្តមានយន្ដហោះយោធាចិននេះ កើតមានឡើងបន្ទាប់ពីឆ្មាំសមុទ្រចិនបានរឹបអូសទូកនេសាទតៃវ៉ាន់មួយគ្រឿង ដោយចោទថាបានធ្វើការនេសាទ ខុសច្បាប់ នៅក្បែរដែនទឹកនៃឆ្នេរទីក្រុងក្វាងចូវ (Quanzhou) របស់ចិន និងក្បែរកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់។ ប៉ុន្តែខាងតៃប៉ិ បានអះអាងថាទូកនេសាទនោះ ធ្វើសកម្មភាពនេសាទតាមធម្មតា និងទទូចឱ្យអាជ្ញាធរចិនដោះលែងទូកនោះជាបន្ទាន់៕