(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារុស្ស៊ីនៅអ៊ុយក្រែន ដែលជាសញ្ញានៃការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាទីក្រុងញូវដេលី នៅរក្សាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា លោក Modi នឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៨ និងទី៩ ខែកក្កដា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin ដោយបន្ថែមថា ពួកគេនឹង «ផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងពិភពលោដែលមានផលប្រយោជន៍រួម»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ជាលើកដំបូងអំពីផែនការរបស់លោក Modi សម្រាប់ដំណើរទស្សនកិច្ចនេះកាលពីខែមុន ដោយលើកឡើងពីមន្ត្រីវិមានក្រឹមឡាំង។
គួរបញ្ជាក់ថា ឥណ្ឌាបានរក្សាជំហរអព្យាក្រឹតចំពោះជម្លោះអ៊ុយក្រែន ចៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងមិនគាំទ្រសេចក្តីថ្លែងការណ៍រួមដែលទាមទារបូរណភាពទឹកដីអ៊ុយក្រែន។ លោក Modi ធ្លាប់បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីជម្លោះ ទៅកាន់លោក ពូទីន នៅឯកិច្ចប្រជុំខែកញ្ញាឆ្នាំ២០២២ ដោយជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស។
ដំណើរទស្សនកិច្ចនេះនឹងត្រូវបានគេតាមដានយ៉ាងដិតដល់ ចំពោះការវិវឌ្ឍន៍ ឬការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយការទូត និងសេដ្ឋកិច្ចរបស់ឥណ្ឌាទាក់ទងនឹងរុស្ស៊ី និងជម្លោះអ៊ុយក្រែន។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ីគឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងឥណ្ឌា និងរុស្ស៊ីនៅទីក្រុង Vladivostok៕