(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចារវាងប្រទេសជប៉ុន និងហ្វីលីពីន ស្តីពីកិច្ចព្រមព្រៀងការពារជាតិ និងសន្តិសុខ ជិតឈានដល់ទីបញ្ចប់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ឯកអគ្គរដ្ឋទូតជប៉ុន លោក Kazuya Endo បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «តួនាទីរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់ គឺមានសារៈសំខាន់ណាស់»។ លោកបន្តថា ការអភិវឌ្ឍដ៏សំខាន់មួយអាចត្រូវបានរំពឹងទុកលើការផ្ទេរឧបករណ៍ការពារជាតិ។
រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងហ្វីលីពីន នឹងជួបប្រជុំគ្នានៅទីក្រុងម៉ានីល នៅថ្ងៃទី៨ ខែកក្កដានេះ សម្រាប់កិច្ចពិភាក្សាដែលអាចរួមបញ្ចូលកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងយោធារបស់ពួកគេទៅទស្សនាទឹកដីរបស់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ហ្វីលីពីនកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដទៃទៀត ដើម្បីទប់ទល់នឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ឯកអគ្គរដ្ឋទូតជប៉ុន លោក Endo បានបន្ថែមថា ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺមានសារៈសំខាន់សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕