(កូឡាឡាំពួរ)៖ នៅថ្ងៃព្រហស្បតិ៍នេះ មានមនុស្សប្រមាណ ២០នាក់នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាល បន្ទាប់ពីមានឧស្ម័នលេចធ្លាយនៅឯមណ្ឌលថែទាំយន្តហោះមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ទោះយ៉ាងណាក៏ដោយ ឧប្បទិវហេតុនេះមិនបានបង្កឲ្យមានការរំខាន ដល់ប្រតិបត្តិការអាកាសយានដ្ឋាននោះទេ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គីភ័យ។

នាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋសេឡង្គរ (Selangor) បាននិយាយថា ខ្លួនបានទទួលការហៅទូរសព្ទជាបន្ទាន់ ទាក់ទងនឹងការលេចធ្លាយសារធាតុគីមីនៅមណ្ឌលថែទាំយន្តហោះ Southern Support Zone Sepang នៅម៉ោង ១១:២៣ព្រឹក (ម៉ោងក្នុងស្រុក) ហើយបានបញ្ជូនបុគ្គលិករបស់ខ្លួន រួមជាមួយក្រុមសម្ភារៈគ្រោះថ្នាក់ទៅកាន់កន្លែងកើតហេតុភ្លាមៗ។

សារធាតុគីមីនោះក្រោយមកត្រូវបានកំណត់អត្តសញ្ញាណថាជា methyl mercaptan ដែលជាឧស្ម័នគ្មានពណ៌ងាយឆេះ មានក្លិនស្អុយ ដែលជួនកាលត្រូវបានប្រើប្រាស់ក្នុងការផលិតប្រេងឥន្ធនៈយន្តហោះ។

បុគ្គលទាំង ២០នាក់ដែលរងផលប៉ះពាល់ ដែលសុទ្ធសឹងជាបុគ្គលិកអាកាសយានដ្ឋាន បានត្អូញត្អែរពីអាការៈវិលមុខ នេះបើយោងតាមនាយកដ្ឋាន។ អ្នកនាំពាក្យម្នាក់មកពីនាយកដ្ឋានពន្លត់អគ្គីភ័យបានបញ្ជាក់ថា គ្មានហានិភ័យទូលំទូលាយចំពោះសុវត្ថិភាពសាធារណៈនោះទេ៕