(អាស្តាណា)៖ នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញចក្ខុវិស័យរួមមួយសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅអឺរ៉ាស៊ី ដោយផ្តោតលើសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក SCO ដើម្បីទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ លោក ស៊ី បានព្រមានប្រឆាំងនឹង «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» ខណៈដែលលោក ពូទីន បានរិះគន់គំរូអឺរ៉ុបនិយម (Eurocentric) ដែលលើកតម្កើនតែអឺរ៉ុប ហើយបានស្តីបន្ទោសលោកខាងលិចចំពោះសង្គ្រាមនៅអ៊ុយក្រែន។

លោក ពូទីន ក៏បានបន្តអំពាវនាវ «ឱ្យបង្កើតក្របខណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍន៍ដែលមិនអាចបំបែកបាននៅអឺរ៉ាស៊ី» ដោយស្នើឱ្យមានកតិកាសញ្ញាសន្តិសុខអឺរ៉ាស៊ីថ្មី ដែលបើកចំហសម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់ រួមទាំងសមាជិកណាតូផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើគោលដៅ នៃការលុបបំបាត់បន្តិចម្តងៗនូវវត្តមានយោធាខាងក្រៅទាំងអស់នៅក្នុងតំបន់ ជាពិសេសវត្តមានយោធារបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ បានក្លាយជាអ្នកទិញទំនិញដ៏សំខាន់របស់រុស្ស៊ី ដូចជាប្រេង និងឧស្ម័ន ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានជំរុញឱ្យទីក្រុងម៉ូស្គូផ្តោតលើទីផ្សារអាស៊ី៕