(ញូវដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសកាហ្សាក់ស្ថាន ជាទីដែលភាគីពីរឯកភាពគ្នាបង្កើនការចរចា ដើម្បីដោះស្រាយបញ្ហាតាមព្រំដែនឱ្យបានឆាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០២៤។
លោក Jaishankar ជួបលោក Wang នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ ដែលរៀបចំឡើងក្នុងទីក្រុង Astana ហើយពួកគេបានយល់ស្របគ្នាថា «ការអូសបន្លាយនៃស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែន មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ»។ បើតាមក្រសួងការបរទេសឥណ្ឌា «រដ្ឋមន្រ្តីទាំងពីរបានព្រមព្រៀងឱ្យមានការបង្កើនជំនួប រវាងក្រុមមន្ត្រីការទូត និងយោធា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់បំផុត»។
គួរបញ្ជាក់ថា ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នានៅតាមតំបន់ជួរភ្នំ Himalayan ដែលភាគច្រើនមានទំនាក់ទំនងមិនសូវល្អនឹងគ្នា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ ចាប់តាំងពីការប្រឈមមុខដាក់គ្នាផ្នែកយោធា ក្នុងខែកក្កដា ឆ្នាំ ២០២០ ដោយកាលណោះទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់បានស្លាប់៕