(ម៉ានីល)៖ ប្រមុខយោធាហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី Ferdinand Marcos Jr បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង ស្របតាមការពិគ្រោះយោបល់នាពេលថ្មីៗនេះ រវាងក្រុមមន្ត្រីចិន និងហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤​ ខែកក្កដា ឆ្នាំ ២០២៤។

លោក Romeo Brawner បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យោធាបានរាយការណ៍ជូនប្រធានាធិបតីនូវជម្រើសជាច្រើន អំពីប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង រួមទាំងបេសកកម្មផ្គត់ផ្គង់ជាប្រចាំដល់កងទ័ពនៅចំណុចវិវាទ ដែលបង្កឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។ លោក Brawner បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ក៏នឹងជួយសម្របសម្រួលផងដែរ ជាមួយសមាជិកព្រឹទ្ធសភាម្នាក់ដែលអះអាងថា ខ្លួនមានព័ត៌មានអំពីផែនការរបស់ចិន ក្នុងការកំណត់គោលដៅវាយប្រហារហ្វីលីពីន ជាមួយនិងមីស៉ីលល្បឿនលឿន បន្ទាប់ពីមានបទបញ្ជានេះ។

គួរបញ្ជាក់ថា ហ្វីលីពីន និងចិន បានព្រមព្រៀងគ្នាកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លើតម្រូវការស្តារ និងកសាងទំនុកចិត្តឡើងវិញ ជុំវិញការប្រឈមមុខដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង៕