(មូស្គូ)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃពុធ ទី៣​ ខែកក្កដា បាននិយាយថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតប ប្រសិនបើហ្វាំងឡង់សម្រេចចិត្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Andrei Nastasin អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថារុស្ស៉ីនឹងមិនបណ្ដោយឱ្យការពង្រីកវត្តមានយោធារបស់ NATO នៅតាមបណ្ដោយ ព្រំដែនរបស់យើង ដែលគំរាមកំហែងដល់សន្តិសុខសហព័ន្ធរុស្ស៉ី កើតឡើងទៅដោយទទេៗនោះទេ»។ លោកបន្ថែមទៀតថារុស្ស៉ីក៏នឹងចាត់វិធានការចាំបាច់ផងដែរ ដើម្បីប្រឆាំងនឹងការសម្រេចចិត្ត ដ៏គឃ្លើនណាមួយរបស់ហ្វាំងឡង់ រួមទាំងសមាជិក NATO ដទៃទៀត។

គួរបញ្ជាក់ថា​ សភាហ្វាំងឡង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាមួយ ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំមុន។ កិច្ចព្រមព្រៀងនេះដែរនឹងបើកចំហទ្វារមូលដ្ឋានទ័ពចំនួន១៥ របស់ហ្វាំងឡង់ដែលបានក្លាយជាសមាជិក​ NATO កាលពីឆ្នាំ២០២៣ សម្រាប់ឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់៕