(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៣​ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានអះអាងថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសបូលីវី កាលពីសប្ដាហ៍មុន នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានកត់សម្គាល់ខ្លីដូច្នេះថា «សហរដ្ឋអាមេរិកមិនមាន ជាប់ពាក់ព័ន្ធក្នុងរឿងនេះ (រដ្ឋប្រហារ) នោះទេ ហើយទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសរួចហើយ លើការដាក់ពង្រាយអង្គភាពយោធាក្នុងប្រទេសបូលីវី»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន កងកម្លាំងយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ Juan Jose Zuniga ដែលត្រូវបានដកសិទ្ធិអំណាចយោធា បានប្រមូលផ្ដុំគ្នានៅឯទីលាន Plaza Murillo ហើយរថពាសដែកមួយគ្រឿងត្រូវបានរាយការណ៍ថាបានបុកទម្លុះទ្វារវិមានប្រធានាធិបតី និងទាហានជាច្រើននាក់បានសម្រុកចូលទៅខាងក្នុង។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក លោក Zuniga បានជំរុញឱ្យទាហានដកថយចេញពីទីលាន Plaza Murillo បន្ទាប់ពីមេដឹកនាំមកពីជុំវិញពិភពលោកថ្កោលទោសសកម្មភាពរបស់កងទ័ពថា ជាទង្វើខុសច្បាប់។

ក្រោយព្រឹត្តិការណ៍នេះកើតឡើង ប្រធានាធិបតីបូលីវី លោក Luis Arce បានតែងតាំងលោក José Wilson Sanchez ឱ្យកាន់តំណែងជំនួសលោក Zuniga ជាមេបញ្ជាការយោធាថ្មី។ ប៉ុន្តែ លោក Luis Arce បានរងការចោទប្រកាន់ថាលោកខ្លួនឯងគឺជាអ្នករៀបចំរដ្ឋប្រហារមិនបានសម្រេចនេះ បន្ទាប់ពីលោក Zuniga បាននិយាយថាលោក Arce បានស្នើឱ្យរូបលោកធ្វើអ្វីម្យ៉ាង ដើម្បីបង្កើនប្រជាប្រិយភាពរបស់លោកប្រធានាធិបតី។ លោក Arce បានច្រានចោលការចោទប្រកាន់នេះ រីឯលោក Zuniga ត្រូវបានចាប់ខ្លួន៕