(ហ្ស៊េរុយសាឡិម)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានឱ្យដឹងថាអ៉ីស្រាអែលកំពុងសិក្សាពីចម្លើយតបរបស់ក្រុមហាម៉ាស ទៅនឹងសំណើមួយដែលនឹងរួមមានបញ្ចូល កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានគូសបញ្ជាក់ដូច្នេះថា «ក្រុមអ្នកសម្របសម្រួលកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង បានបញ្ជូនចម្លើយតបរបស់ក្រុមហាម៉ាសចំពោះសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ទៅឱ្យក្រុមអ្នកចរចា ហើយអ៉ីស្រាអែលកំពុងសិក្សាលើចម្លើយតប ព្រមទាំងនឹងផ្ដល់ចម្លើយទៅកាន់ក្រុមអ្នកសម្របសម្រួលវិញ»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះ ដដែលមិនបានបញ្ជាក់លម្អិតអ្វីឡើយ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស កាលពីថ្ងៃពុធនោះដែរ បាននិយាយថាមេដឹកនាំរបស់ខ្លួនឈរជើងក្នុងប្រទេសកាតា លោក Ismail Haniyeh បានពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួល ក្នុងប្រទេសកាតា និងអេហ្ស៉ីប រួមទាំងក្រុមមន្ត្រីតួកគី ជុំវិញកិច្ចព្រមព្រៀងមួយដើម្បីអាចឈានទៅដល់ការបិទបញ្ចប់សង្រ្គាមមានអាយុជាង ៩ខែមកនេះ។ ក្រុមអ្នកចរចាមកពីកាតា អេហ្ស៉ីប និងសហរដ្ឋអាមេរិកបានព្យាយាមអស់ជាច្រើនខែ ដើម្បីស្វែងរកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងសេសសល់ ១២០នាក់ ក្នុងតំបន់ហ្កាហ្សា តែកិច្ចប្រឹងប្រែងនេះបាន ជាប់គាំង ខណៈអ៉ីស្រាអែល និងហាម៉ាសបន្តប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា៕