(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្ដេជ្ញាជាថ្មីថានឹងបន្តធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បើទោះជាលោកកំពុងរងសម្ពាធ និងការអំពាវនាវពីអ្នកប្រជាធិតេយ្យមួយចំនួនឱ្យរូបលោកដកខ្លួនចេញពីការប្រកួតក៏ដោយ បន្ទាប់ពីធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសបែបនេះរបស់លោក បៃដិន ធ្វើឡើងអំឡុងកិច្ចពិភាក្សាជាមួយក្រុមការងាររៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងក្នុងកិច្ចប្រជុំជាមួយអ្នកតំណាងរាស្ត្រ និងអភិបាលរដ្ឋជាច្រើនមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ ទី៣ ខែកក្កដា។ ក្រោយកិច្ចប្រជុំទាំងនេះ លោក បៃដិន បានជំរុញឱ្យក្រុមអ្នកគាំទ្របន្តជួយជ្រោមជ្រែងរូបលោក ដើម្បីអាចយកឈ្នះលើគូប្រជែងមកពីបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា។ «គ្មាននរណាម្នាក់បង្ខំឱ្យខ្ញុំដកខ្លួនឡើយ។ ខ្ញុំនឹងមិនដកខ្លួនទេ ហើយខ្ញុំនឹងបន្តប្រកួតរហូតដល់ទីបញ្ចប់»។ នេះគឺជាការគូសបញ្ជាក់របស់លោក បៃដិន។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក បៃដិន បានជួបជាមួយអភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យចំនួន២៤រូប ទាំងតាមប្រព័ន្ធអនឡាញ និងជួបដោយផ្ទាល់។ ក៏ប៉ុន្តែ មានតែអភិបាលរដ្ឋ ចំនួន៣រូបប៉ុណ្ណោះមកពីរដ្ឋ New York, Minnesota និងរដ្ឋ Maryland បានសន្យាគាំទ្រលោក បៃដិន បន្ទាប់ពីបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក បៃដិន ដែលពួកគេហៅថា ប្រកបដោយភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតស៊ូមតិមិនបានល្អកាលពីសប្ដាហ៍មុន៕