(អង់ការ៉ា)៖ ប្រទេសតួកគី បានបិទច្រកព្រំដែនដ៏សំខាន់របស់ខ្លួន សម្រាប់ឆ្លងចូលទៅភាគពាយ័ព្យប្រទេសស៉ីរី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីកងទ័ពតួកគីស្ថិតក្រោមការបាញ់ប្រហារ ពីជនជាតិស៉ីរីដែលខឹងសម្បារ ដោយសារតែការបំពានលើជនរួមជាតិរបស់ពួកគេ នៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានឱ្យដឹងថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៤៧៤នាក់ ពាក់ព័ន្ធនឹងការវាយប្រហារ ដែលកំណត់គោលដៅលើសហគមន៍ស៉ីរី នៅទូទាំងប្រទេសតួកគី ចាប់ផ្តើមតាំងពីថ្ងៃអាទិត្យសប្តាហ៍មុន។ ទ្រព្យសម្បត្តិ និងយានជំនិះ ដែលមានម្ចាស់ជាជនជាតិស៉ីរី ត្រូវបានដុតបំផ្លាញក្នុងទីក្រុង Kayseri ភាគកណ្តាលប្រទេសតួកគី ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមថា ផ្តើមចេញពីកំហឹងលើបុរសជនជាតិស៉ីរីម្នាក់ ដែលចោទថាបានរំលោភបំពានផ្លូវភេទ លើក្មេងស្រីត្រូវជាសាច់ញាតិរបស់ខ្លួន។ លោក Yerlikaya ថាឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៉ើបអង្កេត។ សេវាកម្មស៉ើបការណ៍សម្ងាត់តួកគី បានឱ្យដឹងថា អំពើហិង្សាបានរាលដាល ទៅដល់ខេត្ត Hatay, Gaziantep, Konya, Bursa និងស្រុកមួយទៀតក្នុងប្រទេសតួកគី ខណៈដែល​បណ្តាញ​សង្គម ផ្សព្វផ្សាយ​ពី​ការ​រង​របួស​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាជន​ស៉ីរី។

ក្រោយមក ប្រជាជនស៉ីរីរាប់រយនាក់ដែលខឹងសម្បារ បានដើរតាមផ្លូវក្នុងទីប្រជុំជនជាច្រើន នៅភាគពាយព្យស៉ីរីកាន់កាប់ដោយក្រុមឧទ្ទាម ជាតំបន់ដែលមានកងទ័ពតួកគីរាប់ពាន់នាក់ឈរជើង។ ឆ្លើយតបទៅនឹងភាពចលាចលនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍ តួកគីបានសម្រេចបិទ ច្រកព្រំដែន Bab al Hawa ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងសម្រាប់អ្នកដំណើរជាង ៣លាននាក់ រួមជាមួយច្រក Bab al Salam និងច្រកតូចៗផ្សេងទៀត។ ទីក្រុង Afrin ជាប់ព្រំដែនស៉ីរី គឺជាកន្លែងនៃការប៉ះទង្គិចគ្នាដ៏ហិង្សាបំផុត ដោយមនុស្ស ៤នាក់បានស្លាប់ក្នុងការបាញ់ប្រហារគ្នា រវាងក្រុមអ្នកតវ៉ាដែលមានកាន់អាវុធ និងទាហានតួកគី។ នៅកន្លែងផ្សេងទៀត ក៏មានការប៉ះទង្គិចគ្នា និងដោយការប្រើអាវុធផងដែរ ដោយជនស៉ីវិល គប់ដុំថ្មទៅលើក្បួនរថយន្តតួកគីនៅក្នុងទីក្រុងជាច្រើន និងបានហែកទង់ជាតិតួកគីនៅតាមលើការិយាល័យមួយចំនួន។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានដាក់បន្ទុកភាពចលាចលនេះទៅលើសហគមន៍ ដែលមានទំនាក់ទំនង ជាមួយអង្គការភេរវកម្ម ហើយប្តេជ្ញាបោសសម្អាត។ ប្រជាជនតួកគីជាង ៦៧០,០០០នាក់ បានត្រលប់ទៅភាគខាងជើងប្រទេសស៉ីរី ជាទីដែលតួកគីថាជាតំបន់មានសុវត្ថិភាព រយៈពេលមួយទសវត្សរ៍មកហើយ៕