(ហ៊្សេរុយសាឡិម)៖ ប៉ូលិសអ៉ីស្រាអែល បានប៉ះទង្គិចជាមួយក្រុមអ្នកលំនៅជនជាតិអ៉ីស្រាអែល ក្នុងតំបន់ West Bank នៅពេលដែលពួកគេ ព្យាយាមឈូសឆាយប៉ុស្តិ៍យាមខុសច្បាប់មួយកន្លែង នាព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។

វីដេអូដែល Reuters ទទួលបានបង្ហាញឱ្យឃើញ ​ពីអេស្កាវេទ័ររបស់​​ប៉ូលិស​ កំពុងគាស់កាយ​​សំណង់​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍យាមខាងលើ ហើយក្រុមអ្នកតាំងលំនៅ នាំគ្នាអង្គុយលើផ្លូវតូចមួយដើម្បីបិទផ្លូវប៉ូលិសមិនឱ្យចូល ប៉ុន្តែមន្រ្តីប៉ូលិសអូសពួកគេចេញពីផ្លូវ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរអ៉ីស្រាអែល អំពីប្រតិបត្តិការនោះទេ។

គួរបញ្ជាក់ថា ប៉ុស្តិ៍យាមខាងលើ ដែលស្ថិតនៅតំបន់ជនបទ គឺខុសច្បាប់ នៅក្រោមច្បាប់អ៉ីស្រាអែល និងច្បាប់អន្តរជាតិ។ កន្លងមក ប៉ូលិសអ៉ីស្រាអែលធ្លាប់ប្រើវិធានការបែបនេះ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់ក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ ក្នុង West Bank ប៉ុន្តែក្រុមជនជាតិប៉ាឡេស្ទីន និយាយថា មានករណីជាច្រើនផ្សេងទៀត ដែលប៉ូលិសអ៉ីស្រាអែល មិនបានអនុវត្តច្បាប់ត្រឹមត្រូវឡើយ ជាពិសេសគិតចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងមក៕