(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយបន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov នៅមន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។
លោក Austin ក៏បានផ្តល់សញ្ញាគាំទ្រចំពោះបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់អង្គការណាតូ (NATO) ផងដែរ។ ដោយសំដៅទៅលើកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍ក្រោយក្នុងទីក្រុងវ៉ាស៉ីនតោន លោក Austin បញ្ជាក់ថា «យើងនឹងចាត់វិធានការដើម្បីកសាងស្ពានឆ្ពោះទៅកាន់សមាជិកភាពណាតូ សម្រាប់អ៊ុយក្រែន»។ បើតាម លោក Austin កញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែននេះ នឹងរួមបញ្ចូលនូវអាវុធ ដូចជាប្រព័ន្ធប្រឆាំងរថក្រោះ ប្រព័ន្ធស្ទាក់ចាប់មីស៉ីល ហើយក៏នឹងអនុញ្ញាតឱ្យពន្លឿន ការទិញប្រព័ន្ធការពារមីស៉ីល NASAMS និង Patriot ផងដែរ។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាគិតជាង ៥០ពាន់លានដុល្លារ។ ប៉ុន្តែមានការព្រួយបារម្ភ ជុំវិញការគាំទ្រនាពេលអនាគតរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ករណីដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា៕