(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានម្នាក់បានបង្ហើបឱ្យដឹង កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានរំពឹងថា នឹងជួបមុខគ្នានៅរដ្ឋធានីវ៉ាស៉ីនតោន អំឡុងចុងខែកក្កដានេះ នៅពេលមេដឹកនាំអ៉ីស្រាអែល មកបំពេញទស្សនកិច្ច ដើម្បីថ្លែងសារនៅសភាជាតិរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។
លោក Netanyahu នឹងត្រូវថ្លែងសារទៅកាន់សភាអាមេរិក នាថ្ងៃទី២៤ ខែកក្កដា អំឡុងទស្សនកិច្ចរបស់លោក មកកាន់ទីក្រុងវ៉ាស៉ីនតោន ហើយវានឹងមានវត្តមានចូលរួមពីសមាជិកនៃសភាអាមេរិកទាំងពីរ គឺសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ ស្របពេលអាមេរិកនៅបន្តរក្សាការគាំទ្ររឹងមាំ សម្រាប់អ៉ីស្រាអែលដដែល ទាំងផ្នែកការទូតនិងទាំងក្នុងការផ្តល់សព្វាវុធ ចំពោះមុខសង្រ្គាម Gaza លោក បៃដិន កន្លងមកនាពេលខ្លះ បានបង្ហាញក្តីកខ្វល់ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល។
តួយ៉ាង លោកប្រធានាធិបតីអាមេរិក ធ្លាប់ហៅយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសម្បើមរបស់អ៉ីស្រាអែល ទៅលើតំបន់ Gaza Strip ថា ជាការទម្លាក់គ្រាប់បែកដោយមិនរើសមុខ ហើយពេលមួយនោះ បានហៅចំណាត់ការឆ្លើយតបយោធារបស់អ៉ីស្រាអែល ថាជាទង្វើជ្រុលហួសហេតុ។ ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីខែមេសា ឆ្នាំនេះ ក្រោយហេតុការណ៍សម្លាប់បុគ្គលិកផ្តល់ជំនួយ លោក បៃដិន បានទទូចឱ្យលោក Netanyahu ព្យាយាមចាត់វិធានការ ដើម្បីការពារអាយុជីវិតជនស៉ីវិល នៅ Gaza ដោយនិយាយថា គោលនយោបាយអាមេរិក អាចនឹងប្រែប្រួល បើពុំដូច្នោះទេ។
ខាងបក្សសាធារណរដ្ឋ បានរិះគន់លោក បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យ សម្រាប់រឿងនោះ ហើយបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត សម្រាប់អ៉ីស្រាអែល។ មកទល់នឹងពេលនេះ ការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ នៅតែមានការកើនឡើង ចំពោះសកម្មភាពរបស់អ៉ីស្រាអែល និងការគាំទ្ររបស់អាមេរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសង្រ្គាមដ៏បង្ហូរឈាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្កើតវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ។
គួរបញ្ជាក់ថា មនុស្សជិត៣៨,០០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅ Gaza បើតាមអាជ្ញាធរសុខាភិបាល នៅទីនោះ។ សង្រ្គាមនៅ Gaza បាននាំឱ្យមានការចោទប្រកាន់អ៉ីស្រាអែល ជុំវិញអំពើប្រល័យពូជសាសន៍ ប៉ុន្តែអ៉ីស្រាអែលបានបដិសេធ។ សង្រ្គាមនៅ Gaza បានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈបើតាមអាជ្ញាធរអ៉ីស្រាអែល ការវាយប្រហារនោះ បានផ្តាច់ជីវិតមនុស្សប្រហែល១,២០០នាក់ ហើយមនុស្សប្រហែល២៥០នាក់ទៀត ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង ទៅកាន់តំបន់ Gaza។ ចំណាប់ខ្មាំងមួយចំនួន ត្រូវបានដោះលែង ខណៈមួយចំនួនបន្តជាប់ឃុំឃាំងនៅទីនោះ ហើយខ្លះបានបាត់បង់ជីវិត៕