(ហ្កាហ្សា)៖ កងទ័ពអ៉ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៃភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ត្រូវរត់ចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយគេអាចនិយាយបានថា នេះជាការបង្កើនសកម្មភាពយោធា នៅដំណាក់កាលចុងក្រោយក្នុងសង្រ្គាមជាង ៩ខែនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។

មន្រ្តីសុខាភិបាលនិយាយថា ប្រជាជនប៉ាឡេស្ទីន ៨នាក់បានស្លាប់ និងជាច្រើននាក់រងរបួស។ ចំណែក យោធាអ៉ីស្រាអែលនិយាយថា ទាហាន ២នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នា។ បើតាមក្រុមគ្រូពេទ្យក្នុងតំបន់ កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ប្រជាជនប៉ាឡេស្ទីន ១៧នាក់បានស្លាប់ ដោយសារតែការបាញ់ផ្លោងចេញពីរថក្រោះរបស់អ៉ីស្រាអែល នៅតាមដងផ្លូវមួយនៃសង្កាត់ Zeitoun ដែលមានប្រជាជនរស់នៅច្រើន ក្នុងទីក្រុងហ្កាហ្សា (Gaza City) ភាគខាងជើងតំបន់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ កងទ័ពអ៉ីស្រាអែល បានបញ្ជាឱ្យអ្នកស្រុកនៃទីក្រុង និងភូមិមួយចំនួននៅភាគខាងកើតទីក្រុង Khan Younis ភៀសខ្លួនពីផ្ទះរបស់ពួកគេ មុន​ពេល​រថក្រោះ​ចូល​ដល់តំបន់​ដែល​យោធា​ បាន​ចាកចេញកាលពី​ច្រើន​សប្តាហ៍​មុន។ ប៉ុន្តែអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាសថា មនុស្សរាប់ពាន់នាក់ដែលមិនបានស្តាប់ឮការអំពាវនាវនោះ ត្រូវបង្ខំចិត្តចេញពីផ្ទះទាំងយប់ ខណៈដែលរថក្រោះ និងយន្តហោះរបស់អ៉ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុង Karara, Abassan រួមទាំងតំបន់ផ្សេងទៀត ដែលមាននៅក្នុងបទបញ្ជាឱ្យជម្លៀស៕