(MCLEAN, Virginia)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី២ ខែកក្កដា បានទទួលស្គាល់សាជាថ្មីថាការតស៊ូមតិរបស់លោក តទល់នឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាធ្វើមិនបានល្អពិតមែន ប៉ុន្តែនេះក៏ព្រោះតែលោកមានការហត់នឿយពេក ក្រោយបំពេញទស្សនកិច្ចចំនួន២ ទៅក្រៅប្រទេសកាលពីដើមខែមិថុនា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងនៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងទីក្រុង McLean នៃរដ្ឋ Virginia ចំពោះមុខការចោទសួរកាន់តែច្រើនពីបញ្ហាអាយុរបស់ លោក ៨១ឆ្នាំទៅហើយនោះ។ ថ្លែងទៅកាន់អ្នកចូលរួម លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តធ្វើដំណើរ ទៅជុំវិញពិភពលោកក្នុងរយៈពេលបន្តបន្ទាប់គ្នា... មុននឹង ចូលរួមការតស៊ូមតិ។ ខ្ញុំមិនបានស្ដាប់តាមក្រុមមន្ត្រីរបស់ខ្ញុំទេ ហើយត្រឡប់មកវិញ ដែលធ្វើឱ្យខ្ញុំសឹងតែដេកលក់ម្ដងៗនៅលើឆាក»។ លោកបន្ថែមថានេះមិនមែនជាលេសនោះទេ តែគឺជាការពន្យល់មួយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីខែមិថុនាកន្លងទៅ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសបារាំង និងអ៉ីតាលី ហើយត្រូវឡើងជិះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីចូលរួមក្នុងកម្មវិធី រៃអង្គាសប្រាក់សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជាមួយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងទីក្រុង Los Angeles នៅថ្ងៃទី១៥ ខែមិថុនា មុននឹងត្រូវឡប់ ទៅដល់ទីក្រុងវ៉ាស៊ីនតោន។ ក្រោយមកទៀត លោក បៃដិន បានចំណាយពេល ៦ថ្ងៃ នៅឯជំរំ Camp David ដើម្បីត្រៀមខ្លួនសម្រាប់ការតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមិថុនា៕