(ញូវយ៉ក)៖ ចៅក្រមអាមេរិកម្នាក់ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី២ ខែកក្កដា បានសម្រេចពន្យារពេលប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ សម្រាប់ពិរុទ្ធភាព របស់លោក លើបទចោទព្រហ្មទណ្ឌសូកលុយបំបិទមាត់តារាថតកុនកូនជ្រូកម្នាក់ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ក្រោយអតីតប្រធានាធិបតីអាមេរិករូបនេះបានស្នើសុំឱកាស ដើម្បី ការពារខ្លួនថារូបលោកគួរតែមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ដំបូងឡើយត្រូវបានកំណត់នៅថ្ងៃទី១១ ខែកក្កដា ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងគណបក្សសាធារណរដ្ឋបើកសមាជជាតិ ក្នុងទីក្រុង Milwaukee នៅថ្ងៃទី១៥ ខែកក្កដា ជាពេលដែលលោក ត្រាំ ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋជាផ្លូវការ។

ក្នុងពេលបច្ចុប្បន្ន ចៅក្រមលោក Juan Merchan នឹងត្រូវធ្វើការសម្រេចចិត្តលើការកាត់ទោសលោក ដូណាល់ ត្រាំ ក្នុងនោះរួមមានថាតើត្រូវផ្តន្ទាទោសលោក ត្រាំ ដាក់ពន្ធនាគារ អំឡុងរដូវកាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ការពន្យារពេលប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ដោយតុលាការក្រុងញូវយ៉ក ធ្វើឡើង បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចថាអតីតប្រធានាធិបតីអាមេរិករូបនេះមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពផ្លូវការ ដែលលោកបានប្រព្រឹត្ត អំឡុងកាន់តំណែងជាប្រធានាធិបតី។ ដោយសំអាងលើការសម្រេចនេះដែរ ក្រុមមេធាវីរបស់លោក ត្រាំ កាលពីថ្ងៃចន្ទបានស្នើចៅក្រម លោក Merchan អនុញ្ញាតឱ្យពួកគេ ទាញហេតុផលថាការសម្រេចឱ្យលោក ត្រាំ មានពិរុទ្ធដោយតុលាការក្នុងសង្កាត់ Manhattan នៃរដ្ឋញូវយ៉ក គួរតែត្រូវបានលុបចោល ដោយសារតែសាលក្រមសម្រេចរបស់ តុលាការកំពូលអាមេរិក៕