(វ៉ាស៊ីនតោន)៖ បរាជ័យរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភ និងការចោទសួរសំណួរ នៅក្នុងចំណោមអ្នកប្រជាធិបតេយ្យថាតើលោក បៃដិន អាចនឹងបោះបង់ចោលការប្រកួតដែរ ឬក៏យ៉ាងណា? ក្នុងករណីរឿងបែបនេះកើតឡើងពិតមែន នោះវាមិនមែនជានីតិវិធីងាយស្រួលនោះទេ ដោយសារតែលោក​ បៃដិនត្រូវបានសន្មត់ថាជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សប្រជាធិបតេយ្យរួចទៅហើយ ហើយថែមទាំងទទួលបានសំឡេងគាំទ្រលើសលប់ នៅក្នុងបក្សទៀតផង។

អំឡុងការបោះឆ្នោតបឋម នៅក្នុងបក្សប្រជាធិបតេយ្យ លោក បៃដិន បានប្រឈមនឹងការប្រឆាំងជំទាស់តិចតួចបំផុត ហើយម្យ៉ាងគួបផ្សំនឹងលោកទទួលបានសំឡេងគាំទ្រពីប្រតិភូរបស់បក្ស ស្ទើរតែទាំងអស់ផងនោះ វាសឹងតែមិនអាចទៅរួចឡើយដែលគេចង់បង្ខំឱ្យលោក បៃដិន ដកខ្លួនចេញពីការប្រកួត ពោលគឺលុះត្រាតែលោក បៃដិនផ្ទាល់ជាអ្នកសម្រេចចិត្តខ្លួនឯង។ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៦៨ អតីតប្រធានាធិបតីអាមេរិក លោក Lyndon Johnson បានធ្វើការប្រកាសមួយដ៏ភ្ញាក់ផ្អើលថាលោកនឹងមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី តំណាងឱ្យបក្សប្រជាធិបតេយ្យ សម្រាប់អាណត្តិទី២នោះទេ។ នៅពេលនោះ លោក Hubert Humphrey ជាអនុប្រធានាធិបតីរបស់លោក Johnson ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី។

ប៉ុន្តែ លោក David Axelrod ជាអ្នកវិភាគម្នាក់សម្រាប់ទូរទស្សន៍ CNN យល់ថាស្ថានការណ៍ពីមុន និងឥលូវគឺខុសគ្នាស្រឡះ ប្រសិនបើលោក ចូ បៃដិន ពិតជាបោះចោលការប្រកួតមែននោះ។ ដូច្នេះ តើនឹងមានអ្វីឡើង បើលោក បៃដិន សម្រេចចិត្តដកខ្លួនចេញ?

* តើនរណាអាចជំនួសលោក ចូ បៃដិន?

បើគិតមួយភ្លែត គេអាចនឹកឃើញភ្លាមថាអ្នកដែលអាចជំនួសលោក ចូ បៃដិនបាន គឺប្រាកដជាអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងករណីលោក បៃដិន ដកខ្លួនចេញពី ការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ក៏ប៉ុន្តែ នៅមានបេក្ខជនមានសក្តានុពលផ្សេងទៀតដែលធ្លាប់ប្រកាសថាពួកគេអាច ឈរឈ្មោះប្រជែងជាមួយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ បេក្ខជនមានសក្ដានុពលទាំងនោះរួមមានអភិបាលរដ្ឋ California លោក Gavin Newsom ជាមនុស្សដែលបានផ្ដល់ការគាំទ្រ ដោយគ្មានលក្ខខណ្ឌចំពោះលោក បៃដិន អំឡុងវេទិកាតស៊ូមតិកាលពីសប្ដាហ៍មុន។ យ៉ាងណា វាគឺអាស្រ័យទៅលើប្រតិភូបក្សដែលជាអ្នកសម្រេចចិត្តថាតើនរណាគួរតែត្រូវបានតែងតាំងជាបេក្ខជន របស់បក្ស។ លើសពីនេះទៅទៀត នៅខាងគណបក្សប្រជាធិបតេយ្យ នៅមានក្រុមអ្នកនយោបាយមួយ ដែលគេត្រូវតាមមើលផងដែរនោះ គឺ «superdelegates» ដែលជាក្រុមមេដឹកនាំជាន់ខ្ពស់ទាំង ៧០០រូបរបស់បក្ស។

 * ចុះបើបេក្ខជនប្រធានាធិបតី ដកខ្លួនពីការប្រកួត ក្រោយសមាជបក្ស?

គណបក្សប្រជាធិបតេយ្យនឹងបើកធ្វើសមាជបក្សនៅខែសីហាខាងមុខ ក្នុងទីក្រុង Chicago។ ដូច្នេះវាជារឿងស្មុគស្មាញមួយ ប្រសិនបើបេក្ខជនប្រធានាធិបតីរបស់ខ្លួន បោះបង់ចោលការប្រកួត នៅចន្លោះការតែងតាំងបេក្ខជនជាផ្លូវការនៅឯសមាជបក្ស និងអំឡុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ ទាំងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋមានវិធីសាស្ត្រខុសគ្នាបន្តិចបន្តួច ដើម្បីដោះស្រាយជាមួយសេណារីយ៉ូបែបនេះ។ សម្រាប់ខាងគណបក្សប្រជាធិបតេយ្យ៖ គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (Democratic National Committee) ត្រូវបានផ្ដល់សិទ្ធិអំណាច ក្នុងការជ្រើសរើសបេក្ខជនប្រធានាធិបតី នៅក្រោយសមាជតាមច្បាប់របស់បក្ស នៅបន្ទាប់ពីប្រធានបក្សពិគ្រោះយោបល់ជាមួយក្រុមអភិបាលរដ្ឋ និងថ្នាក់ដឹកនាំសភាមកពីបក្សប្រជាធិបតេយ្យ។

ចំណែក ខាងគណបក្សសាធារណរដ្ឋវិញ៖ ប្រសិនបើតំណែងបេក្ខជនប្រធានាធិបតីនៅទំនេរ នោះគណៈកម្មាធិការជាតិសាធារណរដ្ឋ (Republican National Committee) មានសិទ្ធិអំណាច កោះប្រជុំសមាជបក្ស ឬបោះឆ្នោតជ្រើសរើសបេក្ខជនថ្មីដោយខ្លួនឯងតែម្ដង។

* តើបេក្ខជនអនុប្រធានាធិបតី អាចក្លាយជាបេក្ខជនប្រធានាធិបតី ដោយស្វ័យប្រវត្តិ ឬ?

នៅក្នុងកំណត់ត្រានៃសេវាស្រាវជា្រវរបស់សភាអាមេរិក (Congressional Research Service) បានកត់សម្គាល់ថានៅក្រោមច្បាប់វិសោធនកម្មទី២៥ នៃរដ្ឋធម្មនុញ្ញអាមេរិក ប្រសិនបើប្រធានាធិបតី កំពុងកាន់អំណាច ទទួលមរណភាព ឬអសមត្ថភាពដឹកនាំប្រទេសដោយប្រការណាមួយ នៅបន្ទាប់ពីឈ្នះការតែងតាំងរបស់គណបក្ស នោះអនុប្រធានាធិបតីនឹងត្រូវដំឡើងតំណែងទៅជាប្រធានាធិបតី។ ក៏ប៉ុន្តែ គណបក្សអាចធ្វើការសម្រេចចិត្តជាថ្មីថាតើនរណានឹងត្រូវធ្វើជាបេក្ខជនតំណាងឱ្យបក្សរបស់ខ្លួន។ ណាមួយ បើតាមសេវាស្រាវជា្រវរបស់សភាអាមេរិក គ្មានគណបក្សណាមួយតម្រូវត្រូវតែតែងតាំង បេក្ខជនអនុប្រធានាធិបតីទៅជាបេក្ខជនប្រធានាធិបតីដោយស្វ័យប្រវត្តិនោះទេ បើទោះជាការធ្វើបែបនេះជាសេណារីយ៉ូងាយស្រួលក៏ដោយ។ ច្បាប់វិសោធនកម្មទី២០ នៃរដ្ឋធម្មនុញ្ញអាមេរិក ក៏បានចែង ផងដែរថាប្រសិនបើប្រធានាធិបតីជាប់ឆ្នោតម្នាក់ស្លាប់ នោះអនុប្រធានាធិបតីជាប់ឆ្នោតនឹងត្រូវក្លាយជាប្រធានាធិបតី។

គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ៨១ឆ្នាំ បានទទួលស្គាល់ថាអាយុរបស់លោកគឺជាបញ្ហា ហើយថាលោកធ្វើមិនបានល្អពិតមែន ក្នុងវេទិកាតស៊ូមិតមួយទល់នឹងមួយជាមួយលោក ដូណាល់ ត្រាំ ប៉ុន្តែលោកនៅតែប្ដេជ្ញាចិត្តថានឹងយកឈ្នះលើលោក ត្រាំ ដោយមិនបានបង្ហើបពីបំណងបោះបង់ចោលការប្រកួតឡើយ៕

http://image.freshnewsasia.com/2021/id-132/fn-2024-07-02-21-45-52-2.JPG