(កៀវ)៖ មានការផ្ទុះយ៉ាងខ្លាំងក្លានៅទូទាំងដែនអាកាសអ៊ុយក្រែន ខណៈដែលកងទ័ពអាកាសអ៊ុយក្រែន ទប់ស្កាត់បាននូវការវាយប្រហាររបស់រុស្ស៉ី លើទីក្រុងតូចមួយនៅភាគខាងលិចប្រទេស ជាកន្លែងដែលមានមូលដ្ឋានទ័ពអាកាសដ៏សំខាន់ និងរងការវាយប្រហារតាមផ្លូវអាកាសញឹកញាប់ ពីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០២៤។

មួយម៉ោងក្រោយការវាយប្រហារនោះ ផ្លូវនានានៃទីក្រុង Starokostiantyniv បានត្រលប់ទៅរកសភាពធម្មតាវិញ។ ប៉ុន្តែការវាយប្រហារ កាលពីថ្ងៃទី២៧ ខែមិថុនា គឺជាការកត់សម្គាល់ពីបញ្ហាប្រឈមដែលទីក្រុងកៀវ អាចជួបប្រទះ ខណៈកំពុងកសាង កម្លាំងទ័ពអាកាសរបស់ខ្លួនឡើងវិញ និងត្រៀមដាក់ពង្រាយជាលើកដំបូង នូវយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក ហើយដែលរុស្ស៉ីប្តេជ្ញាកម្ទេចចោល។ ក្រុមមន្រ្តីអ៊ុយក្រែន មិនបានបញ្ចេញព័ត៌មានទេថា យន្តហោះចម្បាំង F-16 នឹងត្រូវយកទៅដាក់ឈរជើងនៅទីណា ប៉ុន្តែមូស្គូបាននិយាយ ក្រោយការវាយប្រហារលើទីក្រុង Starokostiantyniv កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា នឹងកំណត់គោលដៅលើមូលដ្ឋានដែលខ្លួនជឿជាក់ថា F-16 នឹងដាក់នៅទីនោះ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមួយកន្លែងនេះ រងការវាយប្រហារជាញឹកញាប់ ចាប់តាំងពីដើមដំបូង នៃការបើកសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន រួមមានទាំងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលល្បឿនលឿន។ យន្តហោះចម្បាំង F-16 ដំបូងៗ ត្រូវគេរំពឹងថា នឹងទៅដល់អ៊ុយក្រែន ក្នុងខែកក្កដានេះ៕