(ណៃពិដោ)៖ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ទឹកជំនន់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ធ្វើមនុស្សរាប់ពាន់នាក់ត្រូវជាប់ក្នុងផ្ទះរបស់ពួកគេ ហើយបានកាត់ផ្តាច់អគ្គិសនី និងបណ្តាញទូរស័ព្ទ ជាមួយនិងការព្រមានពីការិយាល័យអាកាសធាតុ អំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មួយថ្ងៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុង Myitkyina ភាគខាងជើងរដ្ឋ Kachin ទឹកទន្លេ Ayeyarwady បានឡើងលើសពីកម្រិតគ្រោះថ្នាក់។ ទឹកជំនន់ធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងផ្ទះ ខណៈការិយាល័យអាកាសធាតុ ព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ទៀត។ អ្នករស់នៅក្នុងទីក្រុង Myitkyina បានប្រាប់ AFP ថាមពលអគ្គិសនី និងបណ្តាញទូរស័ព្ទមិនដំណើរការទេ ចាប់តាំងពីថ្ងៃអាទិត្យមក។ មានការខ្វះខាតប្រេឥន្ធនៈក្នុងទីក្រុង ហើយអ្នកជួយសង្គ្រោះកំពុងប្រឈមមុខ នឹងការលំបាកដើម្បីជួយមនុស្សតាមម៉ូតូទឹក។ គិតមកដល់ថ្ងៃអង្គារនេះ ទឹកបានស្រកចុះបន្តិចហើយ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់។
គួរបញ្ជាក់ថា បើតាមការព្យាករ កម្ពស់ទឹកទន្លេនៅក្នុងទីក្រុងធំទីពីរ របស់ប្រទេសមីយ៉ាន់ម៉ា គឺ Mandalay អាចឡើងពី ៦ទៅ ១០ហ្វីត ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែកក្កដា។ អំឡុងពេលនៃរដូវវស្សាពីខែមិថុនា ដល់ខែតុលា បំណាក់ដីគឺជាគ្រោះធម្មជាតិជាប្រចាំ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលករចំណាកស្រុករាប់ពាន់នាក់ ដែលធ្វើដំណើរទៅកាន់រដ្ឋ Kachin ដើម្បីប្រមូលកម្ទេចលោហៈ និងរ៉ែមានតម្លៃ នៅតាមជ្រលងភ្នំ៕