(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមនៃប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងទើបតែបានផ្លាស់ ការបញ្ជូនរលកសញ្ញានៃការផ្សាយ របស់ទូរទស្សន៍រដ្ឋខ្លួន ពីផ្កាយរណបរបស់ចិន ទៅកាន់ផ្កាយរណបរបស់រុស្ស៉ីវិញ ខណៈទង្វើនេះគឺកើតមានឡើង ស្របពេលដែលរុស្ស៉ីនិងកូរ៉េខាងជើង កំពុងមានភាពជិតស្និទ្ធស្នាលកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។
កូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានឈប់ប្រើប្រាស់ផ្កាយរណបចិន ដែលខ្លួនធ្លាប់ប្រើពីមុនមកទៀតហើយ ដោយនាពេលឥឡូវនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង កំពុងតែធ្វើការចាក់ផ្សាយ តាមរយៈផ្កាយរណបរបស់រុស្ស៉ីវិញ។ ទីក្រុងមូស្គូនិងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តនឹងគ្នា ចាប់តាំងពីប្រទេសកូរ៉េខាងជើងកកើតឡើង ក្រោយសង្រ្គាមលោកលើកទី២ម៉្លេះ ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរ បាននិងកំពុងក្នុងស្ថានភាពល្អូកល្អិនបំផុត ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន ហើយរងការដាក់ទណ្ឌកម្ម និងសម្ពាធពីក្រុមលោកខាងលិច។
កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៉ី បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯទីក្រុងព្យុងយ៉ាង ហើយអ្នកទាំងពីរបានចុះសន្ធិសញ្ញាដ៏សំខាន់មួយ ក្នុងនោះរួមមានទាំងការប្តេជ្ញា ផ្តល់ជំនួយយោធាបន្ទាន់ឱ្យគ្នា ប្រសិនបើភាគីណាមួយ រងការឈ្លានពានប្រដាប់អាវុធ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរផ្កាយរណបខាងលើ គូសរំលេចឱ្យឃើញពីរបៀបដែលទីក្រុងព្យុងយ៉ាង ហាក់កំពុងតែផ្តោតអាទិភាពខ្លាំងជាង លើចំណងទាក់ទងរបស់ខ្លួន ជាមួយទីក្រុងមូស្គូ ធៀបទៅនឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់។ កាលពីខែមុន មេទ័ពអាមេរិកម្នាក់ ក៏បានលើកឡើងដែរថា ការចុះសន្ធិសញ្ញាយោធារុស្ស៉ី-កូរ៉េខាងជើង អាចនឹងបង្កើតភាពប្រេះឆាជាមួយចិន។ លោក Ahn Chan-il អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន World Institute for North Korea Studies នៅកូរ៉េខាងត្បូង យល់ឃើញថា ចាប់ពីពេលនេះតទៅ ចិនប្រហែលអាចចាប់ផ្តើម ដាក់សម្ពាធការទូតខ្លាំងជាងមុន លើកូរ៉េខាងជើង ទោះបីជាមិត្តនឹងគ្នាក៏ដោយ៕