(បាងកក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានតុលាការធម្មនុញ្ញនៃប្រទេសថៃ បានឱ្យដឹងថា តុលាការគួរតែអាចចេញសាលក្រម នៅត្រឹម​ខែកញ្ញាខាងមុខ សម្រាប់សំណុំរឿងចំនួន២ ដែលអាចនឹងឈានដល់ ការដកហូតតំណែងនាយករដ្ឋមន្រ្តី របស់លោក Srettha Thavisin និងការរំលាយគណបក្សប្រឆាំង Move Forward។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។

សំណុំរឿងធំៗទាំង២ខាងលើ បានបង្កើនភាពស្រពេចស្រពិលផ្នែកនយោបាយ នៅក្នុងប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ ដែលបាននិងកំពុងតែជួបការលំបាក ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ចាប់តាំងពីបានរងផលប៉ះពាល់ខ្លាំងធ្ងន់ធ្ងរ ​ដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។

លោក Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រកាសសាលក្រមនឹងត្រូវធ្វើឡើង មិនឱ្យយូរលើសពីខែកញ្ញា នោះឡើយ។ កាលពីខែឧសភា តុលាការបានប្រកាសថា កាលបរិច្ឆេទបើកសវនាការបន្ទាប់ ក្នុងសំណុំរឿង Move Forward នឹងប្រព្រឹត្តទៅ នាថ្ងៃពុធសប្តាហ៍នេះ ខណៈសវនាការសម្រាប់បណ្តឹងប្រឆាំងលោកនាយករដ្ឋមន្រ្តី នឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកក្កដា។

គួរបញ្ជាក់ថា លោក Srettha ជាសេដ្ឋីអចលនទ្រព្យ ដែលបានឈានជើងប្រឡូកចូលនយោបាយ ជាមួយគណបក្សកាន់អំណាច Pheu Thai កាលពីឆ្នាំមុន ប្រឈមហានិភ័យនៃការត្រូវដកហូតមុខតំណែង ជុំវិញការតែងតាំងមេធាវីម្នាក់ ដែលធ្លាប់មានទោសជាប់ពន្ធនាគារ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងជួរគណៈរដ្ឋមន្រ្តី របស់លោក។ រីឯ Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែត្រូវរារាំងមិនឱ្យបង្កើត រដ្ឋាភិបាលបាននោះ គឺត្រូវគណៈកម្មការបោះឆ្នោតថៃ ប្តឹងទៅកាន់តុលាការធម្មនុញ្ញ ដើម្បីរំលាយចោល ជុំវិញគោលនយោបាយចង់ធ្វើវិសោធនកម្ម ច្បាប់ការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ៕