(ការ៉ាកាស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា កិច្ចពិភាក្សាគ្នានឹង​ចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានសម្រេចដាក់ទណ្ឌកម្មជាថ្មី លើឧស្សាហកម្មប្រេង​របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក Maduro បានអះអាងថា ខាងទីក្រុងវ៉ាស៉ីនតោន បានផ្តួចផ្តើមចង់ឱ្យបើកកិច្ចចរចាឡើងវិញ ហើយទីក្រុងការ៉ាកាស បានយល់ព្រម​ចំពោះសំណើនោះ ក្រោយធ្វើការពិចារណាយ៉ាងល្អិតល្អន់រយៈពេល២ខែ។ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា បានថ្លែងតាមទូរទស្សន៍រដ្ឋដូច្នេះថា «នៅថ្ងៃពុធសប្តាហ៍ក្រោយ កិច្ចចរចាជាមួយសហរដ្ឋអាមេរិក នឹងបន្តឡើងវិញ»

កាលពីឆ្នាំ២០២៣ អាមេរិកនិងវ៉េណេស៊ុយអេឡា បានចរចាគ្នាដោយស្ងាត់ៗនៅប្រទេសកាតា ហើយទីបំផុតក៏សម្រេចបានការព្រមព្រៀងគ្នា ដោះដូរអ្នកទោស ក្រោមការជួយសម្របសម្រួល របស់ប្រទេសអារ៉ាប់មួយនេះ។ ទីក្រុងវ៉ាស៉ីនតោន បានដោះលែងសម្ព័ន្ធមិត្តរបស់លោក Maduro ឈ្មោះ Alex Saab ដែលរងការចោទប្រកាន់ពីទីក្រុងវ៉ាស៉ីនតោន ជុំវិញសកម្មភាពលាងលុយឱ្យទីក្រុងការ៉ាកាស។

ចំណែកឯ វ៉េណេស៊ុយអេឡាវិញ បានប្រគល់ខ្លួនឧក្រិដ្ឋជនម្នាក់ ឈ្មោះ Leonard Francis ដែលជាបុគ្គលដ៏សំខាន់ ក្នុងរឿងអាស្រូវពុករលួយដ៏ធំបំផុត របស់កងទ័ពជើងទឹកអាមេរិក ហើយបានដោះលែង អ្នកទោសនយោបាយ​វ៉េណេស៊ុយអេឡា២០នាក់ ព្រមទាំងជនជាតិអាមេរិក ដែលជាប់ឃុំឃាំង១០នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនផងដែរ បន្ទាប់ពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងក្រុមប្រឆាំងឯកភាពគ្នា កាលពីខែតុលា ឆ្នាំមុន ក្នុងការរៀបចំការបោះឆ្នោតមួយ ដែលសេរីនិងមានតម្លាភាព នៅឆ្នាំ២០២៤នេះ ក្រោមការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ។ យ៉ាងណាមិញ ភាពធូរស្រាល នៃទំនាក់ទំនងបានបញ្ចប់ទៅវិញ នៅពេលគូបដិបក្ខ​របស់លោក Maduro មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះ ដើម្បីប្រកួតប្រជែងជាមួយរូបលោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នាចុងខែកក្កដានេះ ហើយទណ្ឌកម្មអាមេរិក ក៏ត្រូវបានដាក់ឡើងវិញ កាលពីខែមេសាកន្លងទៅ៕