(វ៉ាស៉ីនតោន)៖ ជនរងគ្រោះជាង ១០០នាក់ និងក្រុមគ្រួសារនៃជនរងគ្រោះក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើទឹកដីអ៉ីស្រាអែល បានប្តឹងអ៉ីរ៉ង់ ស៉ីរី និងកូរ៉េខាងជើង ដោយចោទប្រកាន់ប្រទេសទាំងនេះថាបានផ្ដល់ការគាំទ្រក្រុមហាម៉ាស ហើយទាមទារសំណង ៤ពាន់លានដុល្លារ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០២៤។

បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​នៅ​តុលាការ​សហព័ន្ធ​នៃរដ្ឋធានីវ៉ាស៉ីនតោន ដោយអង្គការក្រៅរដ្ឋាភិបាល ADL (Anti-Defamation League) មានទំនោរគាំទ្រដោយអ៉ីស្រាអែល និងមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក។ នាយកប្រតិបត្តិរបស់ ADL លោក Jonathan Greenblatt បានបញ្ជាក់ថា «អ៉ីរ៉ង់ គឺជាអ្នកឧបត្ថម្ភឈានមុខគេលើពិភពលោក លើការប្រឆាំងជនជាតិជ្វីហ្វ និងភេរវកម្ម រួមជាមួយស៉ីរី និងកូរ៉េខាងជើង។ ពួកគេត្រូវតែទទួលខុសត្រូវ ចំពោះតួនាទីរបស់ខ្លួនក្នុងការវាយប្រហារដ៏អាក្រក់បំផុត ចាប់តាំងពីការសម្លាប់រង្គាលលើជនជាតិជ្វីហ្វ Holocaust»

ម្ចាស់ពាក្យបណ្ដឹងម្នាក់ឈ្មោះ Nahar Neta ដែលមានម្តាយឈ្មោះ Adrienne Neta ត្រូវបានសម្លាប់ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា បាននិយាយថា «ខណៈដែលគ្មានអ្វី អាចបំបាត់ការឈឺចាប់ដែលក្រុមហាម៉ាសបានសាងឡើង ចំពោះក្រុមគ្រួសាររបស់យើង យើងសង្ឃឹមថាបណ្តឹងនេះ នឹងនាំមកនូវយុត្តិធម៌ខ្លះសម្រាប់ពួកយើង»។

គួរបញ្ជាក់ថា បេសកកម្មរបស់អ៉ីរ៉ង់ កូរ៉េខាងជើង និងស៉ីរីប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕