(កៀ​វ)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban នឹងធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងមក ហើយនឹងត្រូវជួបប្រធានាធិបតី លោក Volodymyr Zelenskiy។ នេះបើយោងតាមកាសែត Financial Times ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ដំណើរទស្សនកិច្ចរបស់លោក Orban ដែលជាអ្នករិះគន់ឥតសំចៃ ជុំវិញជំនួយយោធារបស់ លោកខាងលិចសម្រាប់អ៊ុយក្រែន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីហុងគ្រី ទទួលតំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប។ លោក Orban គ្រោងជួបលោក Zelenskiy និងក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន នៅក្នុងទីក្រុងកៀវ។ ការិយាល័យរបស់លោក Orban និងរបស់ លោក Zelenskiy មិនទាន់ឆ្លើយតបចំពោះសំណើ សុំការអត្ថាធិប្បាយរបស់ Reuters នៅឡើយទេ។

គួរបញ្ជាក់ថា លោក Orban ដែលគេស្គាល់ថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៉ី ជាញឹកញាប់តែងតែប្រឆាំងចំពោះគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ នៅដើមឆ្នាំ២០២៤នេះ បណ្តាមេដឹកនាំសហភាពអឺរ៉ុប ត្រូវចំណាយពេលច្រើនសប្តាហ៍ ដើម្បី ជម្នះការជំទាស់ពីលោកនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ដើម្បីពង្រីកកញ្ចប់ជំនួយថ្មីក្នុងទំហំទឹកប្រាក់ ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារ សម្រាប់ផ្តល់ឱ្យ អ៊ុយក្រែន៕