(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារ ទី២ ខែកក្កដា បានធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ដើម្បីធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាហ្ស៉ីគីស្ថាន ព្រមទាំងនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងរដ្ឋធានីអាស្ដាណា (Astana) របស់កាហ្សាក់ស្ថាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា «លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចាកចេញពីទីក្រុងប៉េកាំង នៅព្រឹក ថ្ងៃអង្គារនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុងអាស្ដាណា ក៏ដូចជាបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេស កាហ្សាក់ស្ថាន និងតាហ្ស៉ីគីស្ថាន តបតាមការអញ្ជើញពីមេដឹកនាំនៃប្រទេសទាំង២នេះ»។ Xinhua បានបន្ថែមទៀតថាមន្ត្រីចិនដែលអមដំណើរលោក ស៊ី ជីនពីង ក្នុងនោះរួមមានលោក Cai Qi ដែលជាសមាជិកកំពូលម្នាក់ក្នុងជួរគណបក្សកម្មុយនិស្តចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។

គួរបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) មានសមាជិកអចិន្ត្រៃយ៍ចំនួន៩ដូចជា កាហ្សាក់ស្ថានដែលឆ្នាំនេះជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ឥណ្ឌា ចិន កៀហ្ស៉ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៉ី តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន និងអ៉ីរ៉ង់។ ក្នុងឆ្នាំនេះដែរ បេឡារុសត្រូវបានរំពឹងថានឹងចូលរួមជាមួយ SCO បន្ទាប់ពីបានបញ្ជាក់ប្រាប់ នៅឯកិច្ចប្រជុំ SCO កាលពីឆ្នាំ២០២៣ថាខ្លួននឹងក្លាយជាសមាជិក៕