​(វ៉ាស៊ីនតោន)៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពផ្លូវការដែលលោកបានប្រព្រឹត្ត អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចខាងលើរបស់តុលាការកំពូលអាមេរិក ធ្វើឡើងក្នុងសំឡេងគាំទ្រ ៦ ទល់នឹងសំឡេង ៣ជំទាស់ ហើយតាមរយៈការសម្រេចនេះទៀតសោត តុលាការកំពូលបានបដិសេធ ទទួលយកការសម្រេចរបស់តុលាការជាន់ទាបដែលបានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ថាលោកមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសជុំវិញកិច្ចខិតខំប្រឹងប្រែង របស់លោកដើម្បីកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ដែលបង្ហាញថារូបលោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន។

ក្នុងសេចក្ដីសម្រេចរបស់ខ្លួន តុលាការកំពូលអាមេរិកក៏បានបញ្ជាក់ដែរថាលោក ដូណាល់ ត្រាំ រួមទាំងប្រធានាធិបតីអាមេរិកគ្រប់រូប សុទ្ធតែមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស សម្រាប់ ការធ្វើសកម្មភាពផ្លូវការ ក្នុងពេលកំពុងកាន់អំណាច តែនៅតែអាចប្រឈមមុខនឹងបទចោទព្រហ្មទណ្ឌ ចំពោះសកម្មភាពក្រៅផ្លូវការ។ តែយ៉ាងណាក៏ដោយ តាមរយៈការសម្រេចចិត្តរបស់ តុលាការកំពូលអាមេរិកនៅពេលនេះ ធ្វើឱ្យគេរំពឹងថាសវនាការកាត់ទោសលោក ដូណាល់ ត្រាំ ជុំវិញការប៉ុនប៉ងការប្រែលទ្ធផលបោះឆ្នោត ឱ្យបានមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ទំនងជានឹងមិនអាចធ្វើទៅរួចឡើយ។

ក្រោយការប្រកាសសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមភ្លាមៗ ដើម្បីអបអរពីជ័យជម្នះ ខណៈលោកប្រធានាធិបតី ចូ បៃដិ បាននិយាយថាការសម្រេចចិត្តនេះគឺជាគ្រោះថ្នាក់មួយមិនធ្លាប់មានពីមុនមក ដែលអាចនឹងបំផ្លាញដល់នីតិរដ្ឋរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងតុលាការកំពូលអាមេរិកសព្វថ្ងៃ មានចៅក្រមអភិរក្សនិយម ៦នាក់ត្រូវបានតែងតាំងដោយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ហើយក្នុងនោះមានចៅក្រមអភិរក្សនិយម ៣នាក់ត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំ។ ចំណែក ចៅក្រម ៣នាក់ទៀតនាក់ដែលបានបោះឆ្នោតជំទាស់ គឺជាចៅក្រមសេរីនិយមតែងតាំងដោយប្រធានាធិបតីមកពី បក្សប្រជាធិបតេយ្យ៕