(ហ្សឺណេវ)៖ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានថ្កោលទោសរុស្ស៊ី ចំពោះការជ្រៀតជ្រែកផ្កាយរណប ដែលប៉ះពាល់ដល់ប្រទេសមួយចំនួននៅអឺរ៉ុប។ ការថ្កោលទោសនេះធ្វើឡើងបន្ទាប់ពី ITU បានពិនិត្យពាក្យបណ្តឹងពីអ៊ុយក្រែន និងប្រទេសចំនួនបួននៅអឺរ៉ុប រួមមានបារាំង ហូឡង់ ស៊ុយអែត និងលុចសំបួ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
បណ្តាប្រទេសទាំងនេះបានត្អូញត្អែរថា ការជ្រៀតជ្រែកផ្កាយរណបរបស់រុស្ស៊ីបានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាការរំខានសញ្ញា GPS បង្កគ្រោះថ្នាក់ដល់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងរំខានដល់កម្មវិធីទូរទស្សន៍របស់កុមារ ដោយបានបង្ហាញរូបភាពហិង្សានៃសង្គ្រាមនៅអ៊ុយក្រែនជាដើម។ ITU បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់រុស្ស៊ី និងបានជំរុញឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
ITU បាននិយាយថា ការរំខានដល់បណ្តាញផ្កាយរណបរបស់បារាំង និងស៊ុយអែត ហាក់ដូចជាមានប្រភពមកពីស្ថានីយ៍ផែនដី ដែលមានទីតាំងនៅក្នុងតំបន់ម៉ូស្គូ កាលីនីងក្រាដ និងប៉ាវឡូវកា។ ទង្វើទាំងនេះត្រូវបាន ITU ចាត់ទុកថា គួរឱ្យព្រួយបារម្ភ និងមិនអាចទទួលយកបាន។
ITU បានអំពាវនាវឱ្យមានកិច្ចប្រជុំមួយរវាងបណ្តាប្រទេសរងផលប៉ះពាល់ និងរុស្ស៊ី ដើម្បីដោះស្រាយបញ្ហា និងទប់ស្កាត់កុំឱ្យកើតឡើងជាថ្មី។ ទោះជាយ៉ាងណា រុស្ស៊ីមិនទាន់បានឆ្លើយតបនឹងការអំពាវនាវនេះនៅឡើយទេ។ រុស្ស៊ីបដិសេធការចោទប្រកាន់ពីការជ្រៀតជ្រែកផ្កាយរណប ហើយថែមទាំងបានត្អូញត្អែរអំពីការជ្រៀតជ្រែកផ្កាយរណបពីសំណាក់បណ្តាប្រទេសនៅអង្គការ NATO ផងដែរ។
គួរបញ្ជាក់ថា ITU គឺជាអង្គការមួយរបស់អង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រព័ន្ធផ្កាយរណបសកល។ អង្គការនេះមានសមាជិកចំនួន១៩៣ប្រទេស និងមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ រដ្ឋធម្មនុញ្ញរបស់ ITU បានប្រគល់ភារកិច្ចដល់ខ្លួន ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការជ្រៀតជ្រែកដែលបង្កគ្រោះថ្នាក់៕