(ប៉ារីស)៖ អ្នកបោះឆ្នោតនៅក្នុងប្រទេសបារាំង នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយមួយ នៅថ្ងៃទី៧ ខែកក្កដាខាងមុខ ក្នុងការបោះឆ្នោតរដ្ឋសភាមុនអាណត្តិជុំទី២ ដែល អាចនឹងឱ្យបារាំងមានរដ្ឋាភិបាលស្ដាំនិយមជ្រុលដំបូងបំផុត ចាប់តាំងពីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់របប Nazi នៅអំឡុងសង្រ្គាមលោកលើកទី២ ឬក៏គ្មានបក្ស ណាមួយទទួលបានសំឡេងភាគច្រើនក៏ថាបាន។
លទ្ធផលបោះឆ្នោតរដ្ឋសភាជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា បានបង្ហាញថាគណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ហើយដែលជ័យជម្នះនេះ គឺជាបរាជ័យមួយសម្រាប់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយគណបក្សរបស់លោក ចាញ់ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប កាលពីដើមខែមិថុនាកន្លងទៅ។
បើតាមលទ្ធផលបោះឆ្នោតដដែល គណបក្ស RN បាននាំមុខក្រុមគណបក្សអ្នកឆ្វេងនិយម និងកណ្ដាលនិយម ក្នុងនោះរួមទាំងសម្ព័ន្ធ Together alliance របស់លោក ម៉ាក្រុង ដោយប្លុកនេះទទួលបានសំឡេងគាំទ្រពី ២០.៥ ដល់២៣ភាគរយ។ រីឯសម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) ទទួលបានសំឡេងគាំទ្រ ២៩ភាគរយ។ ប៉ុន្តែ ក្រោយគណបក្ស RN ឈ្នះក្នុងជុំទី១ តើនឹងមានអ្វីឡើងកើតឡើងបន្ទាប់?
* រដ្ឋាភិបាលក្បាល ២ ឬ cohabitation?
បារាំងធ្លាប់ជួបស្ថានភាព cohabitation នេះចំនួន៣លើករួចមកហើយនៅក្នុងរបបសាធារណរដ្ឋបារាំងទី៥៖ លើកទី១ ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ លើកទី២ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ និងលើកទី៣ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២។ ទាំង៣លើកនេះ ប្រធានាធិបតីបានតែងតាំងនាយករដ្ឋមន្ត្រីមកពីគណបក្សនយោបាយផ្សេងដែលមានសំឡេង ភាគច្រើន នៅក្នុងសភា។ តាមពិតទៅ រដ្ឋធម្មនុញ្ញបារាំងមិនបានបង្ខំឱ្យប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ត្រីមកពីបក្សផ្សេងទេ ប៉ុន្តែបើតែងតាំងមនុស្សនៅក្នុងបក្សរបស់ខ្លួនឯង ក៏សភាគង់តែនឹងច្រានចោល ឬក៏ត្រូវរំលាយចោលរៀបចំការបោះឆ្នោតឡើងវិញដែរ ដែលនេះមានតែធ្វើឱ្យមានវិបត្តិកាន់តែធ្ងន់។
នៅក្នុងសេណារីយ៉ូដូចបានរៀបរាប់នេះ ប្រធានាធិបតីនឹងបន្តកាន់តំណែងក្នុងនាមជាអគ្គមេបញ្ជាការកទ័ព និងដឹកនាំគោលនយោបាយការបរទេស តែប្រធានាធិបតីនឹងត្រូវ បាត់បង់អំណាចក្នុងការរៀបចំចាត់ចែងគោលនយោបាយក្នុងស្រុក។ ស្ថានភាពបែបនេះបានកើតឡើងចុងក្រោយគេ នៅឆ្នាំ១៩៩៧ នៅពេលអតីតប្រធានាធិបតីបារាំង លោក Jacques Chirac រំលាយសភារៀបចំការបោះឆ្នោតមុនអាណត្តិដោយសង្ឃឹមថានឹងទទួលបានសំឡេងភាគច្រើន។ ក៏ប៉ុន្តែចុងក្រោយ លោកបែរជាបរាជ័យក្រោមថ្វីដៃក្រុម ចម្រុះដឹកនាំដោយ គណបក្សសង្គមនិយម (Socialist party)។ នៅពេលនោះ លោក ហ្សាក់ សៀរ៉ាក់ (Jacques Chirac) ត្រូវបង្ខំចិត្តតែងតាំងលោក លីយ៉ូណែល ហ្សូសបុ័ង (Lionel Jospin) មកពីគណបក្សសង្គមនិយមជានាយករដ្ឋមន្ត្រី។
* តើនរណានឹងដឹកនាំគោលនយោបាយការពារជាតិ និងការបរទេស?
អំឡុងស្ថានភាព cohabitation កាលពីលើកមុនៗ គោលនយោបាយការពារជាតិ និងការបរទេសត្រូវបានសន្មត់ថាដឹកនាំដោយប្រធានាធិបតីដែលជាធម្មតា អាចធ្វើ ការសម្រុះសម្រួលជាមួយនាយករដ្ឋមន្ត្រី ដើម្បីអាចឱ្យបារាំងបញ្ចេញសំឡេងតែមួយនៅលើឆាកអន្តរជាតិ។ ក៏ប៉ុន្តែ សព្វថ្ងៃ ទស្សនៈលើវិស័យសំខាន់ៗទាំង២នេះរបស់ គណបក្សស្ដាំនិយមជ្រុល និងក្រុមចម្រុះឆ្វេងនិយម គឺមានលក្ខណៈខុសគ្នាស្រឡះពីយុទ្ធសាស្ត្ររបស់លោក ម៉ាក្រុង ហើយដែលនេះអាចនឹងបង្កជាភាពតានតឹង អំឡុង cohabitation ណាមួយ។
អ្នកប្រវត្តិសាស្ត្រនយោបាយ លោក ហ្សង់ ហ្ការីគ (Jean Garrigues) បាននិយាយថាផ្អែកលើរដ្ឋធម្មនុញ្ញបារាំង ខណៈប្រធានាធិបតីគឺជាប្រមុខយោធា នាយករដ្ឋមន្ត្រីទៅវិញទេ ដែលជាអ្នកបញ្ជាលើកងកម្លាំងប្រដាប់អាវុធ ហើយបើនិយាយពីវិស័យការទូតវិញ ដែនអំណាចរបស់ប្រធានាធិបតីក៏មានកម្រិតផងដែរ។
មេដឹកនាំគណបក្សស្ដាំនិយមជ្រុល National Rally (RN) លោក ហ្ស៊កដង់ បាដេឡា (Jordan Bardella) មានអាយុ ២៨ឆ្នាំ ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រី ក្នុងករណី គណបក្សរបស់លោកឈ្នះអាសនៈភាគច្រើន បានគូសបញ្ជាក់ថាលោកផ្ទាល់មានបំណងក្លាយជានាយករដ្ឋមន្ត្រីម្នាក់ក្រោមស្ថានភាព cohabitation ដែលគោរពតាមរដ្ឋធម្មនុញ្ញ និងតួនាទីរបស់ប្រធានាធិបតី ប៉ុន្តែនឹងមិនធ្វើការសម្រុះសម្រួលពីគោលនយោបាយដែល «យើងនឹងអនុវត្តនោះទេ»។ លោក បាដេឡា ក៏បានសង្កត់ធ្ងន់ដែរថាប្រសិនបើលោក ក្លាយជានាយករដ្ឋមន្ត្រី នោះលោកនឹងជំទាស់ទៅនឹងការបញ្ជូនកងទ័ពបារាំងទៅកាន់អ៊ុយក្រែន ជាគំនិតមួយដែលលោក ម៉ាក្រុង មិនបានច្រានចោលឡើយ។ មិនតែប៉ុណ្ណោះ មេដឹកនាំស្ដាំនិយមជ្រុលរូបនេះថែមទាំងព្រមានទៀតថាលោកនឹងបដិសេធចំពោះការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយ ឬក៏អាវុធដទៃទៀតរបស់បារាំង ដែលអាចវាយប្រហារចូលក្នុង ទឹកដីរុស្ស៉ី ទៅឱ្យទីក្រុងកៀវ។
* ចុះបើគ្មានបក្សណា ឈ្នះសំឡេងភាគច្រើន តើនឹងមានអ្វីឡើង?
នៅបារាំង ប្រធានាធិបតីអាចតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ចេញពីក្រុមសមាជិកសភាដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ហើយករណីនេះធ្លាប់កើតឡើង ចំពោះសម្ព័ន្ធគណបក្សកណ្ដាលនិយមរបស់លោក ម៉ាក្រុង កាលពីឆ្នាំ២០២២។ ក៏ប៉ុន្តែ គណបក្ស National Rally បានព្រមានទុកជាមុនថានឹងច្រានចោលជម្រើសបែបនេះ ដោយសារតែវាអាចនឹងមានន័យថារដ្ឋាភិបាលមួយរបស់បក្សស្ដាំនិយមជ្រុល អាចនឹងត្រូវទម្លាក់ចេញពីតំណែងតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រសិនបើក្រុមគណបក្សនយោបាយផ្សេងៗ ប្រមូលផ្ដុំកម្លាំងគ្នា។
ប្រធានាធិបតី ក៏អាចព្យាយាមបង្កើតក្រុមចម្រុះមួយដែលមានការចូលរួម រាប់ចាប់ពីអ្នកឆ្វេងនិយម រហូតដល់ស្ដាំនិយម តែជម្រើសមួយនេះត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថា នៅតែមិនអាចទៅរួច ក៏ព្រោះតែទស្សននយោបាយផ្ទុយគ្នា។ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា បានបង្ហាញក្ដីរំពឹងថាអាចនឹង ស្វែងរកសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិករដ្ឋសភាកណ្ដាលនិយម ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលមានការចូលរួមផងដែរពីក្រុមអ្នកឆ្វេង និងអ្នកស្ដាំដែលមិនជ្រុលនិយម។
គួរបញ្ជាក់ថា បើតាមលោក ហ្សង់ ហ្ការីគ (Jean Garrigues) ក្នុងករណីកិច្ចចរចានយោបាយត្រូវចំណាយពេលយូរពេក និងមិនអាចធ្វើទាន់មុនព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាទេ នោះវាអាចនឹងមាន «ស្ថានការណ៍អន្តរកាល» ដែលអាចអនុញ្ញាតឱ្យរដ្ឋាភិបាលកណ្ដាលនិយម របស់លោក ម៉ាក្រុង បន្តដឹកនាំប្រទេសសិន រហូតទាល់តែមានការសម្រេចចិត្តជាថ្មី។ លោក ម៉ាក្រុង មានអាណត្តិប្រធានាធិបតីរហូតដល់ឆ្នាំ២០២៧ និងធ្លាប់បាននិយាយថា លោកនឹងមិនលាលែងចេញពីតំណែងមុនចប់អាណត្តិនោះទេ។ ណាមួយ ទាំងរដ្ឋសភា និងរដ្ឋាភិបាលក៏គ្មានសិទ្ធិបង្ខំឱ្យលោកធ្វើបែបនេះនោះដែរ។ តែទោះជាបែបនេះក្ដី លទ្ធភាពដែលលោក ម៉ាក្រុង លាលែងចេញពីតំណែង ក៏មិនអាចត្រូវបានច្រានចោលទាំងស្រុងនោះដែរ ប្រសិនអ្វីៗជាប់គាំងគ្មានច្រកចេញ ខណៈរដ្ឋធម្មនុញ្ញបារាំងបានកំណត់ ថាប្រធានាធិបតី មិនអាចរំលាយសភាដើម្បីរៀបចំការបោះឆ្នោតមុនអាណតិ្តជាថ្មីទៀតនោះទេ ពោលគឺត្រូវរង់ចាំ ១ឆ្នាំសិន។ ដូច្នេះការរៀបចំការបោះឆ្នោតភ្លាមៗណាមួយ មិនមែនជាជម្រើសនោះទេ៕