(នីហ្សេរីយ៉ា)៖ អាជ្ញាធរគ្រង់គ្រងគ្រោះមហន្តរាយបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់គ្នាដោយជនសង្ស័យជាក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតស្ត្រី នៅក្នុងរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមប្រសាសន៍របស់ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបន្ទាន់ក្នុងតំបន់។
រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោររបស់ពួកអ៊ីស្លាមនិយមអស់រយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តេញមនុស្សរាប់លាននាក់ទៀតចេញពីផ្ទះសម្បែង។ទោះបីជាយោធានីហ្សេរីយ៉ា បានបន្ថយសមត្ថភាពរបស់ពួកសកម្មប្រយុទ្ធក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើការវាយប្រហារដ៏សាហាវប្រឆាំងនឹងជនស៊ីវិល និងគោលដៅសន្តិសុខ។
លោក Barkindo Saidu នាយកទូទៅនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Borno បាននិយាយថា ជនសង្ស័យថាជាក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារដាច់ដោយឡែកពីគ្នា លើពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងបង្ករបួសមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Gwoza។
លោក Saidu បានបញ្ជាក់ថា មានអ្នកស្លាប់១៨នាក់ត្រូវបានបញ្ជាក់ ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានផ្ទៃពោះ។ លោកបានបន្ថែមថា ការរងរបួសមានភាពធ្ងន់ធ្ងរច្រើនប្រភេទ ដូចជា ការដាច់ពោះ បែកលលាដ៍ក្បាល និងដាច់អវយវៈ។
គ្មានក្រុមណាបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ប៉ូលីសរដ្ឋ Borno មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។ ក្រុម Boko Haram និងក្រុមបំបែកខ្លួនរបស់ខ្លួន គឺរដ្ឋអ៊ីស្លាមខេត្តអាហ្វ្រិកខាងលិច (ISWAP) គឺជាក្រុមសកម្មប្រយុទ្ធដែលសកម្មបំផុតនៅក្នុងរដ្ឋ Borno ដែលជាតំបន់ជនបទដ៏ធំទូលាយមួយដែលមានទំហំប៉ុនប្រទេសអៀរឡង់៕