(សេអ៊ូល)៖ កូរ៉េខាងជើងបានហៅសមយុទ្ធ Freedom Edge រយៈពេលបីថ្ងៃរបស់កូរ៉េខាងត្បូង, ជប៉ុននិង សហរដ្ឋអាមេរិក ជាក្រុមណាតូថ្មី នៅអាស៊ីក្នុងបំណង បង្កហេតុជាមួយកូរ៉េខាងជើង, ជាមួយចិន និងដាក់សម្ពាធមកលើរុស្ស៊ី។ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ថែមទៀត នៅថ្ងៃចន្ទ ទី១កក្កដា ឆ្នាំ២០២៤ ប្រឆាំងសមយុទ្ធរបស់ក្រុមណាតូថ្មីនៅអាស៊ីនេះ។ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទីក ចំនួនពីរគ្រាប់នៅថ្ងៃច័ន្ទ ទី១ កក្កដា ឆ្នាំ២០២៤ ដែលការបាញ់នេះ ត្រូវគេចាត់ទុកថាគឺជាការឆ្លើយតបមកវិញចំពោះការធ្វើសមយុទ្ធ បីប្រទេសរបស់កូរ៉េខាងត្បូង, សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន។

សមយុទ្ធ Freedom Edge រយៈពេលបីថ្ងៃដោយមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt, នាវាពិឃាតកូរ៉េខាងត្បូង Seoae Ryu Seong-ryong destroyer និងកប៉ាល់ចម្បាំងផ្ទុកឧទ្ធម្ភាគចក្រ ISE របស់ជប៉ុនដែរនោះ បានបញ្ចប់នៅថ្ងៃសៅរ៍ ទី២៩ មិថុនា។ សហរដ្ឋអាមេរិក, ជប៉ុននិង កូរ៉េខាងត្បូងធ្លាប់បានធ្វើលំហាត់សមយុទ្ធជើងអាកាសនិង តាមផ្ទៃទឹករួមគ្នាពីអតីតកាលផងដែរ ប៉ុន្តែសមយុទ្ធដែលដាក់ឈ្មោះថា Freedom Edge បីថ្ងៃ រវាងពីថ្ងៃទី២៧ដល់២៩មិថុនាឆ្នាំ ២០២៤គឺជាសមយុទ្ធត្រីភាគីលើកដំបូង និងបានធ្វើជាច្រើន វិស័យរួមទាំងជើងអាកាស, ជើងទឹក, ការប្រយុទ្ធនៅក្រោមផ្ទៃទឹក និងការប្រយុទ្ធនៅ តាមប្រព័ន្ធសន្តិសុខ Cyber ថែមទៀត។ សមយុទ្ធ Freedom Edge គឺជាសមយុទ្ធមួយដែលចិននិងកូរ៉េខាងជើង តែងលើកឡើងជុំវិញ គោលបំណងរបស់ ប្រទេសលោកខាងលិច ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ដែលចង់បង្កើតសម្ព័ន្ធណាតូថ្មីរបស់ខ្លួន នៅក្នុងទ្វីបអាស៊ី។

អតីតមេបញ្ជាការកងកម្លាំងអង្គការណាតូលោក James Stavridis បានថ្លែងកាលពីខែមេសា ឆ្នាំ២០២៤លើកឡើង ជុំវិញការស្នើឱ្យអង្កការណាតូធ្វើការពិចារណា ពង្រីកសម្ព័ន្ធភាពអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង ដោយបញ្ចូលនូវ ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា ប្រទេសអូស្ត្រាលី, ជប៉ុន, នូវែលហ្សេឡង់, កូរ៉េខាងត្បូង និងប្រទេសក្នុងអាស៊ានមួយ ចំនួនដូច ជាប្រទេសហ្វីលីពីន, ថៃនិងសឹង្ហបុរីជាដើមតាមរយៈការភ្ជាប់ ទំនាក់ទំនងជាមួយនឹង សហរដ្ឋអាមេរិក។

លោក James Stavridis បានថ្លែងថាការពង្រីកសម្ព័ន្ធអង្គការណាតូនោះគឺជាប្រការចាំបាច់ មួយដើម្បីការទប់ទល់នឹងទំនាស់ កើតឡើងក្នុងមជ្ឈិមបូព៌ា, សង្គ្រាមរុស្ស៊ីអ៊ុយក្រែន, ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក និងជម្លោះដែនទឹកនៅក្នុង តំបន់សមុទ្ទចិនខាងត្បូង។

*** កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីកយ៉ាងហោចបីគ្រាប់ តបតនឹងសមយុទ្ធ Freedom Edge

ការបាញ់ជាលើកទីមួយបានធ្វើនៅថ្ងៃពុធ ទី២៦ មិថុនាឆ្នាំ២០២៤។ មួយថ្ងៃនៃសមយុទ្ធបើកឆាកដំបូង, កូរ៉េខាងជើងបានបាញ់ មីស៊ីលបាលីស្ទីកមួយគ្រាប់ ដែល កូរេខាងត្បូងនិងជប៉ុនចាត់ទុកថា ជាការធ្វើតេស្តបាញ់មួយដោយបរាជ័យដោយសារតែគ្រាប់ បានផ្ទុះនៅលំហរអវកាសមុនធ្លាក់ចូលក្នុងទឹកសមុទ្ទ ប៉ុន្តែកូរ៉េខាងជើង បានប្រញាប់អះអាង បញ្ជាក់មកវិញថា គ្រាប់មីស៊ីបាលីស្ទីក ដែលគេបានបាញ់នៅថ្ងៃពុធនោះ គឺជាការបង្ហាញថារដ្ឋា ភិបាលក្រុងព្យុងយ៉ាងបានសម្រេច នូវការសាកល្បងសមត្ថភាពបច្ចេកវិទ្យា MIRV ដែលជា បច្ចេកវិទ្យាបាញ់មីស៊ីលបាលីស្ទីកតែមួយគ្រាប់ ប៉ុន្តែបានផ្ទុះចេញក្បាលបំពាក់ជាគ្រាប់ជាច្រើន ដោយធ្វើដំណើរសំដៅទៅកាន់ គោលដៅផ្សេងៗគ្នាដូចតាមការបញ្ជាទុក។

ការបាញ់ជាលើកទី២បានធ្វើនៅថ្ងៃចន្ទទី១កក្កដាឆ្នាំ២០២៤, ក្នុងចំណោមគ្រាប់មីស៊ីលបាលី ស្ទីកទាំង២នោះ មួយគ្រាប់បានហោះ ដោយប្រក្រតីទៅកាន់ គោលដៅរបស់វា ប៉ុន្តែមួយគ្រាប់ទៀត ដែលមានលក្ខណៈស្រដៀងនឹង គ្រាប់បាញ់កាលពីថ្ងៃពុធសប្តាហ៍មុន ដែលគេចាត់ទុក ថាវាជាការបាញ់មិនទាន់ បានជោគជ័យ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ខ្លួនថា មីស៊ីលទាំង២ត្រូវបានបាញ់ ក្នុងរយៈពេលខុសគ្នា១០ នាទីក្នុងទិសដៅពីភាគឦសានពីទីក្រុង Jangyon ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថាគ្រាប់ទីមួយបាន ហោះចម្ងាយ៦០០គីឡូម៉ែត្រ ធ្លាក់ចូលក្នុងទឹកសមុទ្ទក្នុងតំបន់ Chongjin ភាគខាងកើត, ចំណែក គ្រាប់ទី២បានហោះចម្ងាយ១២០គីឡូម៉ែត្រ ប៉ុន្តែមិនបានបញ្ជាក់ថាតើគ្រាប់ទី២នោះ វាបានធ្លាក់ នៅទីកន្លែងណាមួយនោះឡើយ ។ ក្រុមជំនាញយោធាបាននិយាយថា ជាធម្មតាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរបស់ខ្លួន សំដៅទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ប៉ុន្តែចម្ងាយហោះហើរ របស់មីស៊ីលទី២ គឺមានចម្ងាយខ្លីពេកដែលការហោះនោះ មិនបានដល់គោលដៅក្នុងដែនទឹកសមុទ្ទឡើយ។

អ្នកនាំពាក្យអគ្គសេនាធិការដ្ឋានរួមកូរ៉េខាងត្បូងលោក Lee Sung Joon បានថ្លែងក្នុងសន្និ សីទកាសែត ចាត់ទុកថាមីស៊ីលទីពីរនោះ បានហោះហើរខុសប្រក្រតី ក្នុងដំណាក់កាលដំបូង របស់វា។ លោកបាន ថ្លែងថាប្រសិនបើមីស៊ីលនោះវាផ្ទុះ កម្ទេចកម្ទីរបស់វា ទំនងជាធ្លាក់រាយ ប៉ាយមកលើដីមិនមែនធ្លាក់មកលើដែនទឹកឡើយ បើទោះជាមិនមានការរាយការណ៍ បង្ហាញអំពីការខូចខាតភ្លាមៗ ក៏ដោយ។ ប៉ុន្តែតើគ្រាប់មីស៊ីលទី២នោះ បានផ្ទុះធ្លាក់នៅទីកន្លែងណាពិត ប្រាកដនោះ មិនមានសេចក្តីរាយការណ៍ បញ្ជាក់ច្បាស់ជាផ្លូវការឡើយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលដកស្រង់ប្រភពយោធារបស់កូរ៉េខាងត្បូងដែល និយាយមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា មីស៊ីលទីពីរគឺទំនង បានធ្លាក់នៅក្នុង តំបន់ដីគោកក្នុងទឹកដីរបស់កូរ៉េខាងជើង។ អ្នកនាំពាក្យ អគ្គសេនាធិការដ្ឋានចម្រុះ កូរ៉េខាងត្បូងដដែលទោះជាយ៉ាងណាក៏ដោយបាន និយាយថា គេកំពុងតែវិភាគ ជាបន្ថែមនៃការបាញ់ គ្រាប់មីស៊ីលទីពីររបស់ កូរ៉េខាងជើងនោះ ទៀត។

បើប្រៀបធៀបនឹងគ្រាប់បាញ់ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលកូរ៉េខាងជើងបានអះអាងការ ទទួលជោគជ័យលើសមត្ថភាពបច្ចេកវិទ្យា MIRV Multiple Independently-tagetabel Re-entry Vihecle, មីស៊ីលនោះបានហោះឡើងកម្ពស់​ប្រហែល១០០គីឡូម៉ែត្រ និងហោះបានចម្ងាយ ជាង២០០គីឡូម៉ែត្រ មុនពេលដែលគ្រាប់នោះបានផ្ទុះនៅលើអាកាស។

ប៉ុន្តែកូរ៉េខាងជើងបានប្រកាសកាលពីសប្តាហ៍មុនថា មីស៊ីលដែលបានបាញ់សាកល្បងនោះ គឺជា សមត្ថភាពនៃបច្ចេកវិទ្យា MIRV ដែលជាបច្ចេក វិទ្យាបាញ់មីស៊ីល បាលីស្ទីកតែមួយគ្រាប់ ប៉ុន្តែបានផ្ទុះចេញក្បាលគ្រាប់ជាច្រើន ធ្វើដំណើរសំដៅគោលដៅផ្សេងគ្នា។ ប៉ុន្តែកូរ៉េខាងត្បូង នៅតែប្រកាន់ជំហរថា ការអះអាងរបស់ កូរ៉េខាងជើងនោះ គឺជាការអួតអាងកុហកតែប៉ុណ្ណោះ។ កូរ៉េខាងជើង នៅមិនទាន់បានបញ្ជាក់អះអាងភ្លាមៗ ជុំវិញមីស៊ីលបាលីស្ទីកទាំង២គ្រាប់ដែល បានបាញ់នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៤នេះឡើយ។

អគ្គសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូងបានថ្កោលទោសជាមួយការចាត់ទុកការបាញ់សាក ល្បងមីស៊ីលរបស់កូរ៉េខាងជើងថា​ជាការញុះញង់ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ។ អគ្គសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូង បានថ្លែងទៀតថាកូរ៉េខាងត្បូង បានប្រកាន់នូវជំហរម៉ឺង ម៉ាត់ក្នុងការទប់ទល់រាល់ការបង្កហេតុរបស់កូរ៉េខាងជើង ដោយមានការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងត្បូងនោះ ជាមួយសម្ព័ន្ធមិត្តយោធាអាមេរិក។

ការបាញ់គ្រាប់បាលីស្ទីករបស់កូរ៉េខាងជើងនេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានបញ្ចប់ សមយុទ្ធត្រីភាគីរបស់ពួកគេ នៅក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងបីកំពុងបង្ហាញតំបន់និងពិភពលោកថាគេ បានសហការនិងពង្រីកភាពជា ដៃគូសន្តិសុខត្រីភាគីរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងកូរ៉េខាងជើងដែលអះអាងថា ជាប្រទេសនុយក្លេអ៊ែ័រ និងក៏កំពុងទប់ស្កាត់នូវអ្វីដែលគេ បានចោទថាចិនបាននិងកំពុងវាតទីដណ្តើមកាន់កាប់ដែនទឹក នៅក្នុងតំបន់សមុទ្ទអាស៊ីប៉ាស៊ី ហ្វិកថែមទៀត។

សមយុទ្ធ "Freedom Edge" កំពុងតែបង្ហាញថាប្រទេសទាំងបី កាន់តែបង្កើនការហាត់សមប្រ យុទ្ធរួមគ្នាទាំងកម្លាំងប្រយុទ្ធជើងអាកាស, ជើងទឹក, កម្លាំងប្រយុទ្ធថ្មើរជើងនិងការកែលំអលើ ប្រព័ន្ធការពារមីស៊ីលបាលីស្ទីករួមគ្នា, ការប្រឆាំងនឹងសង្គ្រាមកប៉ាល់មុជទឹក ក្រោមបាតសមុទ្ទ, ការស៊ើបការណ៍ព័ត៌មានពីសត្រូវនិងជំនាញនានាដទៃទៀត ខណៈភាពតានតឹងក្នុងតំបន់បាន និងកំពុងកើនឡើង ជាបន្តបន្ទាប់។

**** កូរ៉េខាងជើងចាត់ទុកសមយុទ្ធ "Freedom Edge" គឺជាក្រុមណាតូថ្មីនៅអាស៊ី

សមយុទ្ធ "Freedom Edge" ជាលើកដំបូងរបស់ប្រទេសទាំងបីនេះ ក្រោយកូរ៉េខាងជើង និង រុស្ស៊ីបានចុះហត្ថលេខាលើ «សន្ធិសញ្ញាភាពជា ដៃគូយុទ្ធសាស្ត្រទូលំទូលាយ» ដែលប្រទេសទាំង២ បានសន្យាថានឹងផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក ប្រសិនបើប្រទេសទាំងពីរប្រឈមមុខនឹង "ការឈ្លានពាន"។

កាលពីថ្ងៃអាទិត្យ ទី៣០ មិថុនា ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ ដ៏វែងមួយថ្កោលទោស យ៉ាងខ្លាំងចំពោះសមយុទ្ធ "Freedom Edge" ដោយហៅភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងជប៉ុនថា ជាទម្រង់ថ្មីនៃអង្គការណាតូក្នុងទ្វីបអាស៊ី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលបានថ្លែងថា «យើងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបញ្ចេញសាច់ដុំយោធាបង្កហេតុ ដាក់មកលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ»

សេចក្តីថ្លែងការណ៍ថ្កោលទោស កូរ៉េខាងជើងបានសរសេរបន្តទៀតថា «ទំនាក់ទំនងរវាងសហ រដ្ឋអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង បានលេចឡើង នូវរូបភាពយ៉ាងពេញលេញ នៃទម្រង់អង្គការណាតូអាស៊ី» និងសេចក្តីថ្លែងការណ៍បាននិយាយព្រមានថា អង្គការណាតូក្នុងទ្វីបអាស៊ីនោះ នឹងត្រូវទទួលបាននូវផលវិបាកដ៏ធ្ងន់ធ្ងរតបទៅវិញ។ កូរ៉េខាងជើងបានថ្លែងថា«គេមិនដែល ព្រងើយកន្តើយនូវសកម្មភាពរបស់សហរដ្ឋអាមេរិក និងក្រុមហែរហមរបស់ខ្លួនក្នុងការពង្រឹង ប្លុកយោធានៅក្នុងតំបន់ឡើយ»

កូរ៉េខាងជើងបាននិយាយចោទបន្តថាសមយុទ្ធ "Freedom Edge" បានបំផ្លាញបរិយាកាសសន្តិសុខ នៅលើឧបទ្វីបកូរ៉េដោយបើកចំហ ហើយថាសមយុទ្ធនោះគឺជា ចេតនារបស់សហរដ្ឋអាមេរិក ក្នុងការឡោមព័ទ្ធប្រទេសចិន និងធ្វើការដាក់សម្ពាធមកលើរុស្ស៊ី។ សេចក្តីថ្លែងការណ៍ ដដែលបាននិយាយថា កូរ៉េខាងជើងនឹង "ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ របស់រដ្ឋ និងសន្តិភាពក្នុងតំបន់ តាមរយៈវិធានការវាយលុក និងវិធានការប្រឆាំងដ៏លើសលប់ជាច្រើនថែមទៀត"។

ការបាញ់មីស៊ីលបាលីស្ទីកនៅថ្ងៃចន្ទ បានទន្ទឹមនឹងការបើកកិច្ចប្រជុំបក្សកុម្មុយនីស្តកូរ៉េខាង ជើងតាំងពីថ្ងៃសុក្រនោះមក ដើម្បីរកការសម្រេចចិត្តលើ អ្វីដែលកូរ៉េខាងជើង បានហៅថា «បញ្ហាបន្ទាន់និងសំខាន់» ទាក់ទងនឹងការងារ ដើម្បីលើកកម្ពស់បន្ថែមទៀត នូវរបៀបរបបដឹកនាំ សង្គមនិយមរបស់កូរ៉េខាងឃើង។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កិច្ចប្រជុំដ៏សំខាន់ របស់កូរ៉េខាងជើងនោះ បានធ្វើបន្តនៅថ្ងៃចន្ទទី១កក្កដាឆ្នាំ២០២៤។

គេរំពឹងថាកិច្ចប្រជុំបក្សកុម្មុយនីស្តរបស់កូរ៉េខាងជើង ក៏នឹងអាចជាប់ទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលកូរ៉េខាងជើ ងបានព្រមានចំពោះ ការតបតរបស់ខ្លួន ចំពោះក្រុមនៃអង្គការណាតូថ្មីក្នុង ទ្វីបអាស៊ីនេះទៀតផងដែរ៕