(ប៉េកាំង)៖ រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន បានប្រកាសថា ជនបរទេសដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង និងម៉ាកាវ ហើយមានបំណងចូលមកចិនដីគោក អាចស្នើសុំទិដ្ឋាការធ្វើដំណើរចេញ-ចូលបានច្រើនលើក ជាមួយនិងសុពលភាពរហូតដល់ ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០២៤។

ចាប់ពីថ្ងៃទី១០ ខែកក្កដា តទៅ ជនបរទេសដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងទាំងពីរ នឹងមានសិទ្ធិស្នើសុំទិដ្ឋាការបែបនេះ ដើម្បីចូលមកកាន់ចិនដីគោក ប៉ុន្តែការស្នាក់នៅមួយលើក មិនត្រូវឱ្យលើសពី ៩០ថ្ងៃទេ។ រដ្ឋបាលអន្តោប្រវេសន៍ បានឱ្យដឹងបន្ថែមថា ជនបរទេសមានទីលំនៅអចិន្ត្រៃយ៍ ដែលមានបំណងធ្វើការ សិក្សា ឬចូលរួមក្នុងសកម្មភាពរាយការណ៍ព័ត៌មាន នៅចិនដីគោក ត្រូវតែដាក់ពាក្យសុំទិដ្ឋាការផ្សេងទៀត ឬប័ណ្ណសុំស្នាក់នៅ។

គួរបញ្ជាក់ថា ការសម្រេចដែលបានប្រកាសនៅខួបលើកទី២៧ នៃការប្រគល់ទីក្រុងហុងកុងទៅឱ្យចិនពីការគ្រប់គ្រងរបស់អង់គ្លេស គឺជាជំហានថ្មីមួយក្នុងចំណោមជំហានជាច្រើនរបស់ចិន បន្ទាប់បើកព្រំដែនរបស់ខ្លួនឡើងវិញក្រោយកូវីដ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកដំណើរធុរកិច្ច៕