(ណៃពិដោ)៖ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា បានបដិសេធនូវរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ដែលថារដ្ឋាភិបាលយោធា នៅតែអាចដំណើរការសាច់ប្រាក់ដើម្បីទិញអាវុធ សម្រាប់យកមកធ្វើប្រតិបត្តិការប្រឆាំងក្រុមបះបោរ ដោយនិយាយថា រាល់ស្ថាប័នហិរញ្ញវត្ថុដែលនៅក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាល បានអនុវត្តតាមនីតិវិធីដែលបានកំណត់។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។
តាមរបាយការណ៍ពីអ្នករាយការណ៍សិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់ UN លោក Tom Andrews កាលពីសប្តាហ៍មុន ខណៈដែលមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើឱ្យរបបសឹកបាត់បង់ សមត្ថភាពទិញសម្ភារៈយោធា គេមើលឃើញថា នៅតែមានការនាំចូលអាវុធក្នុងតម្លៃ ២៥៣លានដុល្លារសម្រាប់រយៈពេល ១២ខែ គិតមកទល់នឹងខែមីនា ឆ្នាំនេះ។ ដោយមានជំនួយពីធនាគារអន្តរជាតិ រួមទាំងធនាគារនៅប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ដូចជាថៃ មីយ៉ាន់ម៉ានៅតែអាចបង់ថ្លៃចំណាយលើការទិញអាវុធរបស់ខ្លួន។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ការនាំចេញពីសិង្ហបុរីបានធ្លាក់ចុះជាង ១០លានដុល្លារ ពីចំនួនជាង ១១០លានដុល្លារនៅឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនថៃនៅក្នុងប្រទេសថៃ បានបំពេញ ចន្លោះធ្លាក់ចុះនេះ តាមរយៈការបញ្ជូនអាវុធ និងសម្ភារៈផ្សេងៗមានតម្លៃ ១២០លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២២។
ធនាគារកណ្តាលមីយ៉ាន់ម៉ា បានបានសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN រូបនេះ ដោយលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «វាបានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជនស៉ីវិលមីយ៉ាន់ម៉ា ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងប្រទេសដទៃ»។ ធនាគារកណ្តាល បញ្ជាក់ថា «ប្រតិបត្តិការហិរញ្ញវត្ថុគឺសម្រាប់តែការនាំចូលទំនិញចាំបាច់ និងតម្រូវការមូលដ្ឋានសម្រាប់ជនស៉ីវិលមីយ៉ាន់ម៉ាប៉ុណ្ណោះ ដូចជាថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្រ្ត ទំនិញកសិកម្ម ប្រេងឆា និងប្រេងឥន្ធនៈជាដើម។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាច្រើនលើយោធា ធនាគារ និងក្រុមហ៊ុនអាជីវកម្មមីយ៉ាន់ម៉ា។ ក្រសួងការបរទេសថៃ បានឱ្យដឹងថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់ខ្លួន បានអនុវត្តតាមពិធីសារដូចជាប្រទេសដទៃទៀតដែរ ដោយបន្ថែមថា រដ្ឋាភិបាលនឹងត្រួតពិនិត្យឡើងវិញ ជុំវិញរបាយការណ៍របស់អ្នករាយការណ៍ UN៕