(ហ្សឺណែវ)៖ ក្រោយពីមានការបាក់ដីនៅភាគខាងត្បូងប្រទេសស្វីស កាលពីយប់ថ្ងៃសៅរ៍ ក្រុមអ្នកសង្គ្រោះបានរកឃើញសាកសពពីរនាក់​ ខណៈមនុស្សម្នាក់នៅបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៤។

ការបាក់ដីនេះបានកើតឡើងនៅជ្រលង Maggia ក្នុងតំបន់ Ticino ភាគខាងត្បូងប្រទេសស្វីស បន្ទាប់ពីមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃសៅរ៍។ ក្រុមអ្នកសង្គ្រោះបានរកឃើញសាកសពស្ត្រីពីរនាក់ ដែលត្រូវបានគេរាយការណ៍ថាជាអ្នកទេសចរ ខណៈដែលមនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន។

ការបាក់ដីនេះក៏បានបណ្តាលឱ្យស្ពានមួយបាក់ ធ្វើឱ្យជ្រលងភ្នំជាច្រើនមិនអាចចូលទៅដល់បាន និងរំខានដល់បណ្តាញអគ្គិសនី។ ក្រុមអ្នកបោះតង់នៅក្នុងតំបន់ក៏ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុផងដែរ។

ប្រធានាធិបតីស្វីស លោកស្រី Viola Amherd បានសម្តែងការសោកស្តាយចំពោះជនរងគ្រោះ និងគ្រួសាររបស់ពួកគេ និងបានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំរបស់អាជ្ញាធរ ខណៈស្ថានការណ៍នៅតែតានតឹង៕