(ម៉ូស្គូ)៖ នៅថ្ងៃអាទិត្យនេះរុស្ស៊ីបានអះអាងថា ខ្លួនបានដណ្តើមយកភូមិចំនួនពីរបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន ខណៈកងកម្លាំងរបស់ខ្លួនបានយកឈ្នះលើកងទ័ពអ៊ុយក្រែននៅលើសមរភូមិ អស់រយៈពេលជាច្រើនខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Moscow Times នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

រុស្ស៊ីបានអះអាងថា ខ្លួនបានដណ្តើមយកភូមិថ្មីៗជាច្រើន នៅភាគខាងកើតអ៊ុយក្រែនជាប្រចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈកងកម្លាំងអ៊ុយក្រែនកំពុងតែតស៊ូយ៉ាងខ្លាំងដើម្បីទប់ទល់។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបាន «រំដោះភូមិ Novooleksandrivka » ខណៈដែលកងទ័ពរុស្ស៊ីបានរុលទៅទិសខាងលិចបន្ថែមទៀត ចូលទៅក្នុងតំបន់ Donetsk។ ភូមិនេះស្ថិតនៅភាគពាយ័ព្យនៃទីប្រជុំជន Ocheretyne ដែលឥឡូវនេះបានក្លាយជាចំណុចភាគខាងលិចបំផុត នៃតំបន់ដែលទីក្រុងម៉ូស្គូកាន់កាប់។

ទីក្រុងម៉ូស្គូក៏បាននិយាយផងដែរថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិតូចមួយ នៃទីប្រជុំជន Spirne ដែលស្ថិតនៅភាគខាងជើងនៃតំបន់ Donetsk ជាប់ព្រំដែនជាមួយតំបន់ Lugansk។

គួរបញ្ជាក់ថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិតពីរឆ្នាំកន្លះមកហើយ៕