(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីស្រាអែល លោក Israel Katz បានលើកឡើងថា សារគំរាមកំហែងរបស់អ៉ីរ៉ង់ ស្តីពីសង្រ្គាមដ៏បំផ្លិចបំផ្លាញ គឺសមនឹងឱ្យប្រទេសអ៉ីរ៉ង់ខ្លួនឯង រងការកម្ទេចឱ្យខ្ទេចខ្ទី។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។
លោក Katz បានបង្ហោះសារលើប្រព័ន្ធ X យ៉ាងដូច្នេះថា «របបដឹកនាំដែលគំរាមកំហែងកម្ទេចអ្នកដទៃ គឺសមនឹងត្រូវរងការបំផ្លាញឱ្យខ្ទេច»។ ប្រមុខការទូតអ៉ីស្រាអែលរូបនេះ ក៏បាននិយាយដែរថា អ៉ីស្រាអែលនឹងធ្វើសកម្មភាព ដោយប្រើកម្លាំងពេញទាំងស្រុង ប្រឆាំងក្រុមគាំទ្រដោយអ៉ីរ៉ង់គឺ Hezbollah ប្រសិនបើក្រុមនេះនៅតែមិនបញ្ឈប់ ការបាញ់ផ្លោងមកលើអ៉ីស្រាអែល ចេញពីប្រទេសលីបង់ ហើយដកថយចេញពីតំបន់ព្រំដែន ទេនោះ។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ បេសកកម្មការទូតរបស់អ៉ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ប្រសិនបើអ៉ីស្រាអែល សម្រេចចិត្តឈានដល់ បើកការឈ្លានពានយោធាទ្រង់ទ្រាយធំលើលីបង់ នោះសង្រ្គាមដ៏បំផ្លិចបំផ្លាញបំផុតមួយ មុខជានឹងផ្ទុះឡើងពុំខាន។ បេសកកម្មការទូតអ៉ីរ៉ង់ បានបន្ថែមទៀតថា ប្រសិនបើសង្រ្គាមបែបនោះផ្ទុះឡើង គឺជម្រើសទាំងអស់នឹងស្ថិតនៅលើតុ រួមមានទាំងការចូលពាក់ព័ន្ធទាំងស្រុង នៃក្រុមប្រដាប់អាវុធទាំងអស់ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។
គួរបញ្ជាក់ថា ក្រុម Hezbollah នៅលីបង់ បាននិងកំពុងធ្វើសកម្មភាពបាញ់ផ្លោងដាក់គ្នា ជាមួយអ៉ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំមុន ពោលគឺចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza បានផ្ទុះឡើង។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ក្នុងសប្តាហ៍នេះ បាននិយាយថា អ្នកទាំងពីរចង់ជ្រើសរើសយកផ្លូវការទូត ដើម្បីដោះស្រាយស្ថានការណ៍ នៅព្រំប្រទល់លីបង់៕