(ប៉ារីស)៖ នៅថ្ងៃអាទិត្យនេះ ប្រជាជនបារាំងនឹងត្រូវបោះឆ្នោត ក្នុងជុំដំបូងនៃការបោះឆ្នោតសភាមុនអាណត្តិ ដែលអាចនឹងលេចចេញនូវ រដ្ឋាភិបាលស្តាំនិយមជ្រុលជាលើកដំបូង គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតីបារាំង​ លោក Emmanuel Macron បានបង្កឱ្យមានការនឹកស្មានមិនដល់ នៅពេលដែលរូបលោក បានសម្រេចប្រកាសឱ្យមាន​ការបោះឆ្នោតមុនអាណត្តិខាងលើនេះ ក្រោយបក្សកណ្តាលនិយមរបស់លោក បានទទួលបរាជ័យយ៉ាងអាម៉ាស់ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នាខែមិថុនានេះ ក្រោមថ្វីដៃរបស់បក្សស្តាំនិយមជ្រុល National Rally (RN) របស់លោកស្រី Marine Le Pen ដែលមាននិន្នាការ​រិះគន់សហភាពអឺរ៉ុប និងប្រឆាំងជនអន្តោប្រវេសន៍។

ការបោះឆ្នោតនឹងចាប់ផ្តើមនៅម៉ោង ០៦៖០០ GMT រួចបញ្ចប់ទៅវិញនៅម៉ោង ១៦៖០០ GMT តាមក្រុង-ទីក្រុងតូចៗ និងនៅ​ម៉ោង១៨៖០០ GTM តាមទីក្រុងធំៗ។ ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា នៅតាមមណ្ឌលបោះឆ្នោតណា ដែលមិនមានបេក្ខជនណាមួយ ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ក្នុងការបោះឆ្នោតជុំទី១។ សភាបារាំងមានអាសនៈ សរុបចំនួន​៥៧៧អាសនៈ។

កាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រី Le Pen បាននិយាយថា គណបក្ស RN នឹងឈ្នះបានសំឡេងភាគច្រើនដាច់ខាត ហើយមនុស្ស​របស់លោកស្រី គឺលោក Jordan Bardella វ័យត្រឹម២៨ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីបារាំង។ ប្រសិនបើបែបនោះមែន ការទូតនៃ​ប្រទេសបារាំង នឹងឆ្ពោះទៅរកពេលវេលាមិននឹងនរមួយ ដែលមិនធ្លាប់មានពីមុនមក ដោយលោក Macron ដែលធ្លាប់បាននិយាយថា នឹងបន្តអាណត្តិប្រធានាធិបតីរបស់លោក រហូតដល់ទីបញ្ចប់ នៅឆ្នាំ២០២៧ ហើយនិងលោក Bardella មុខជានឹងត្រូវប្រជែងសិទ្ធិគ្នា ដើម្បីធ្វើជាសំឡេងតំណាងឱ្យបារាំង។ លោក Bardella បានឱ្យតំរុយខ្លះៗរួចហើយថា រូបលោកនឹងតវ៉ាជាមួយលោក Macron ជុំវិញបញ្ហាសកលផ្សេងៗ​។

គួរបញ្ជាក់ថា យោងតាមលទ្ធផលស្ទង់មតិកន្លងមក គណបក្ស RN នឹងនាំមុខក្នុងសំឡេង៣៣-៣៦ភាគរយ នៃសន្លឹកឆ្នោតដែលបានបោះ​ដោយប្រជាជន ខណៈក្រុមឆ្វេងនិយម New Popular Front នឹងស្ថិតនៅលេខរៀងទី២ ជាមួយសំឡេង២៨-៣១ភាគរយ ចំណែកឯ​ក្រុមកណ្តាលនិយមរបស់លោក Macron គឺនៅលេខ៣ ជាមួយសំឡេង២០-២៣ភាគរយ៕