(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាឱ្យធ្វើសវនកម្មមជ្ឈមណ្ឌលទិន្នន័យរដ្ឋាភិបាល ក្រោយមន្ត្រីរដ្ឋាភិបាលបាននិយាយថា ទិន្នន័យភាគច្រើនដែលរងផលប៉ះពាល់ ដោយការវាយប្រហារតាមអ៊ីនធឺណេត ransomware ថ្មីៗនេះមិនត្រូវបានបម្រុងទុក (កន្លែងផ្សេង) ទេ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ប្រទេសចំពោះការវាយប្រហារបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
ការវាយប្រហារដែលបានកើតឡើងកាលពីសប្តាហ៍មុន បានបង្កផលប៉ះពាល់ដល់ទីភ្នាក់ងាររដ្ឋាភិបាលជាង ២៣០ រួមទាំងក្រសួង និងសេវាសាធារណៈសំខាន់ៗមួយចំនួន ដូចជា អន្តោប្រវេសន៍ និងប្រតិបត្តិការនៅអាកាសយានដ្ឋានធំៗជាដើម។ រដ្ឋាភិបាលបានបដិសេធមិនព្រមបង់ប្រាក់លោះចំនួន ៨លានដុល្លារ ដែលជាថ្លៃស្ដារទិន្នន័យឡើងវិញ។
លោក Hinsa Siburian ប្រធានទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់ឥណ្ឌូនេស៊ី បាននិយាយថា ៩៨% នៃទិន្នន័យរដ្ឋាភិបាលដែលរក្សាទុក នៅក្នុងមជ្ឈមណ្ឌលទិន្នន័យមួយក្នុងចំណោមមជ្ឈមណ្ឌលទិន្នន័យទាំងពីរ ដែលត្រូវបានលួចចូល មិនត្រូវបានបម្រុងទុកទេ។ លោកបានបន្ថែមថា បញ្ហាចម្បងគឺការគ្រប់គ្រង និងការមិនបានបម្រុងទុកទិន្នន័យ។
ក្រុម SAFEnet ដែលជាអង្គការមិនមែនរដ្ឋាភិបាល ដែលតស៊ូមតិដើម្បីសិទ្ធិឌីជីថល បានទាមទារឲ្យលោក Budi Arie Setiadi រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ី លាលែងពីតំណែង។ ក្រុម SAFEnet បានចោទប្រកាន់លោករដ្ឋមន្ត្រីថា មិនបានទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធឺណិតជាច្រើនលើក ដែលបានកើតមានកន្លងមក។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី Budi Arie Setiadi បានប្រាប់សភាថា ក្រុមជនមិនស្គាល់អត្តសញ្ញាណ ដែលប្រើប្រាស់បច្ចេកវិទ្យា Ransomware ដើម្បីទាមទារប្រាក់ គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា សេវាកម្មរដ្ឋាភិបាលដែលរងផលប៉ះពាល់ គួរតែត្រូវបានស្ដារឡើងវិញទាំងស្រុងនៅខែសីហាខាងមុខនេះ៕