(ប៉េកាំង)៖ “រដ្ឋាភិបាលចិនគូសបញ្ជាក់ពីការពន្លឿន ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បង្កើតចលករថ្មីនិងឧត្តមភាពថ្មីខាងការអភិវឌ្ឍ ជាបន្តបន្ទាប់ ថែមទាំងគោលនយោបាយម៉ាក្រូនានាបន្តមានប្រសិទ្ធភាព ធ្វើឱ្យយើងមានជំនឿចិត្តកាន់តែខ្លាំងចំពោះមាគ៌ា និងគោលដៅនៃកំណើនសេដ្ឋកិច្ច។” កាលពីថ្ងៃទី២៦ខែមិថុនា លោកស្រី Liu Minghua ប្រធានប្រតិបត្តិរងនៃក្រុមហ៊ុន DeloitteChina ដែលចូលរួមវេទិកា Davos រដូវក្តៅលើកទី១៥បានថ្លែងដូចពោលខាងលើនេះ។

វេទិកា Davos រដូវក្តៅលើកទី១៥ដែលបើធ្វើពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា នៅក្រុង Dalian ប្រទេសចិនបានទាក់ទាញ ឥស្សរជនមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវចំនួនជាង ១៧០០នាក់ ដែលមកពីប្រទេសនិងតំបន់ជាង១០០ទៅចូលរួម ទ្រង់ទ្រាយ ចំនួនកិច្ចប្រជុំនិងភ្ញៀវកិត្តិយសនៃវេទិកាលើកនេះ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី។ ភ្ញៀវកិត្តិយសជាច្រើនរូប ដែលចូលរួមវេទិកាលើកនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជំរុញឱ្យសេដ្ឋកិច្ចរបស់ចិនងើបឡើងវិញ និងឆ្ពោះទៅរកភាពល្អប្រសើរដែលបានទាក់ទាញសហគ្រាស នៃប្រទេសនានាបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅទីផ្សារប្រទេសចិន។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ “ជួរមុខថ្មីនៃកំណើនអនាគត” ក្នុងន័យរួមគ្នាស្វែងរកចលករថ្មីនិងផ្លូវថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលមិនត្រឹមតែមានលក្ខណៈចំគោលដៅដ៏ខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីបំណងវិជ្ជមានរបស់អ្នកផងទាំងពួង ស្តីពីការស្វែងរកកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី តាមរយៈកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នាផងដែរ។

ក្នុងនាមជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកល អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីដូចជាប្រទេសចិនជាដើម កំពុងដើរតួនាទីសំខាន់ក្នុងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក។ តើត្រូវពុះពារឧបសគ្គនិងក្តាប់ជាប់ឱកាសតាមរបៀបណា ដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ច? ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមបួនចំណុច ដោយអំពាវនាវឱ្យធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានភាពកាន់តែស៊ីជម្រៅ ពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍបៃតង គាំពារបរិយាកាសទីផ្សារបើកទូលាយ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាផ្ដល់នូវ “ផែនការចិន”មួយច្បាប់។

គួររំលឹកផងដែរថា តាមរយៈការពិភាក្សាយ៉ាងក្ដៅគគុកប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកា សុទ្ធតែបានលើកឡើងដល់ ពាក្យគន្លឹះមួយគឺ ការច្នៃប្រឌិតថ្មី។ អ្នកផងទាំងពួងបានសម្គាល់ឃើញថា សមិទ្ធផលខាងបច្ចេកវិទ្យាដែលចាត់ទុក ភាពវៃឆ្លាតសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្ត្រនិងថាមពលបៃតងជាដើម ជាតំណាងនឹងត្រួសត្រាយចេញនូវផ្លូវប្រកួតថ្មីនិងមុខរបរថ្មី។ ក្នុងនោះ ចិនបានក្តាប់ជាប់កាលានុវត្តភាព នៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល និងការអភិវឌ្ឍបៃតងតាមរយៈការពន្លឿនការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី។

តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងចំណោម “រោងចក្របង្គោលភ្លើង” ចំនួន១៥៣កន្លែងលើទូទាំងពិភពលោក ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រកាសថ្មីបំផុត មានចំនួន៦២គឺសហគ្រាសចិន ក្នុងនោះបូករួមទាំងសហគ្រាស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដូចជា ថាមពលប្រព័ន្ធ PV និងរថយន្តថាមពលថ្មីជាដើម។ ប្រទេសចិនជាប្រទេសដែលមាន “រោងចក្របង្គោលភ្លើង” ច្រើនបំផុតលើទូទាំងពិភពលោក។ តាមទិន្នន័យនៃរដ្ឋាភិបាលចិនបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសដែលវិនិយោគដោយ ពាណិជ្ជករបរទេសថ្មីចំនួន២១៧៦៤ ដែលកើនឡើង១៧,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ក្រៅពីនេះ អង្គការនិងស្ថាប័នអន្តរជាតិជាច្រើនបាននាំគ្នា ដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ច របសចិននៅពេលថ្មីៗចុងក្រោយនេះ ។

ប្រការទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញ ពីជំនឿចិត្តរបស់មជ្ឈដ្ឋាននានាលើទូទាំងពិភពលោក ចំពោះអនាគតអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចរបស់ចិន។ អាចប៉ាន់ប្រមាណថា ទន្ទឹមនឹងដំណើរ ធ្វើទំនើបកម្មតាមបែបផែនចិនត្រូវបានជំរុញឥតឈប់ឈរ នឹងមានមនុស្សកាន់តែច្រើនឡើងៗទទួលអារម្មណ៍ពីការអភិវឌ្ឍថ្មីរបស់ចិន និងចែករំលែកបាននូវកាលានុវត្តភាពថ្មីរបស់ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន