(ប៉េកាំង)៖ គោលការណ៍សេដ្ឋកិច្ចបៃតងលំនាំចិន ដែលជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបានរំលេចពីលក្ខណៈនិរន្តរភាព ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិ និងកំពុងជំរុញការអភិវឌ្ឍ ឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿនអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ឆ្នាំ២០៣០ដែលជាទិសដៅ ដាក់ចេញដោយអង្គការសហប្រជាជាតិ។ លទ្ធផលនៃសេដ្ឋកិច្ចបៃតងនេះ ទើបកំណើនGDP ឆ្នាំ២០២៣របស់ប្រទេសចិនដោយ រួមមានឧស្សាហកម្មថាមពលស្អាតបានរួមចំណែក៤០% ហើយសេដ្ឋកិច្ចបៃតងបានរួមចំណែក១១,៤ទ្រីលានយាន់ប្រាក់ចិន ដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង៣០%បើធៀបនឹងឆ្នាំមុន ហើយបើគិតលើជ្រុងមួយនៃការលក់រថយន្តអគ្គសនី នោះក្រុមហ៊ុនចិនBYDបានប្រកាសពីការលក់រថយន្តអគ្គិសនី ជាង៥២៦,០០០គ្រឿងនៅត្រីមាសទី៤នៃឆ្នាំ២០២៣។
ខឿនសេដ្ឋកិច្ចបៃតងរបស់ប្រទេសចិន ធនធានបរិស្ថានគឺជាកត្តាសំខាន់ ដែលសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថិរភាពនិងរុងរឿងជាយូរអង្វែង នៃធនធានធម្មជាតិ។ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពបានក្លាយជា តួនាទីដ៏សំខាន់មួយរបស់ប្រទេសចិន ឆ្លើយតបបានទាន់ពេលវេលាទៅនឹង បម្រែបម្រួលអាកាសធាតុ។
បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគ ក្នុងសកម្មភាពសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុលបរិស្ថាន អព្យាក្រឹត្យនៃការបំភាយឧស្ម័នកាបូន បង្កើនស័ក្តិសិទ្ធិភាពនៃប្រើប្រាស់ធនធានថាមពល និងទប់ស្កាត់បានយ៉ាងតឹងរឹងចំពោះ ការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ប្រទេសចិនបានផ្តល់អាទិភាពខ្ពស់បំផុត ដល់អរិយធម៌អេកូឡូស៊ីនៅក្នុងផែនការរួមរបស់ខ្លួន អនុវត្តគោលនយោបាយជាតិមូលដ្ឋាន នៃការសន្សំសំចៃធនធាន និងការការពារបរិស្ថាន និងលើកកម្ពស់ការស្ដារឡើងវិញនៃធម្មជាតិ ដែលក្នុងនោះប្រមាណ២៥% នៃផ្ទៃដីក្នុងប្រទេសចិនត្រូវបានប្រើប្រាស់ជាផ្ទៃដីដាំដើមឈើ ក្នុងពេលដែលប្រទេសចិនដើរតួនាទីឈានមុខ ក្នុងការលើកកម្ពស់បរិស្ថានសកល។
កិច្ចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលជាការអភិវឌ្ឍដែលមានលក្ខណៈជាចរន្ត និងដឹកនាំបដិវត្តន៍ក្នុងពេលបច្ចុប្បន្ន របស់ប្រទេសចិនឲ្យ ឆ្ពោះទៅរកវិទ្យាសាស្ត្រ-បច្ចេកវិទ្យានវានុវត្តដោយពឹងផ្អែកលើបៃតងភាព និងឧស្សាហកម្មបៃតងត្រូវបានផ្តើមតាំងពី ពេលដែលលោក Xi Jinping បានទទួលតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនចាប់ពីឆ្នាំ២០១២ ហើយមគ្គុទេសក៍ប្រទេសចិន កាន់តែមានសក្តានុពលដ៏ធំនៅក្នុងវិស័យបៃតង ដែលអាចក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចថ្មីៗរបស់ពិភពលោក ព្រមទាំងជាកាលានុវត្តភាពដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍសកល។ ជាក់ស្តែង ថ្លែងក្នុងពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៤ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នៅក្រុងតាលាន លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសចិនក្តាប់ជាប់ទិសដៅធំ នៃការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាប់រហូត រួមគ្នាជាមួយបណ្តាប្រទេសនានាបង្កើត កាលានុវត្តភាពថ្មីនៃការអភិវឌ្ឍដើម្បីជំរុញឱ្យនវានុវត្តន៍ និងផ្តល់សុភមង្គលដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។
ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមលំនាំសង្គមនិយម តាមបែបផែនចិននាយុគសម័យថ្មីដែលបានចេញដំណើរពីទស្សនវិជ្ជា និងប្រាជ្ញាចិន របស់លោក Xi Jinping ដែលបានគូសរំលេចពីអរិយធម៌អេកូឡូស៊ី តាមរយៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»។ បញ្ញត្តិ «ប្រទេសចិនស្អាត» បានបង្កើនល្បឿននៃសេដ្ឋកិច្ចបៃតង និងជាតម្រង់ទិសទីផ្សារថ្មីនៃកំណែទម្រង់ និងការបើកទូលាយ របស់ប្រទេសចិនដែលផ្តើមតាំងពីឆ្នាំ១៩៧៨មក ហើយតាមរយៈកំណើន GDP របស់ប្រទេសចិន៥,៣%ក្នុងត្រីមាសទី ១ ឆ្នាំ២០២៤ បានយកឈ្នះលើការព្យាករណ៍ទុករបស់អ្នកវិភាគនានា ដែលកន្លងមកបានព្យាករណ៍ថាសេដ្ឋកិច្ចចិន នឹងរីកចម្រើន ក្នុងកម្រិតប្រហែល៤,៨% ហើយតាមរយៈលទ្ធផលដ៏ខ្ពស់និងសកម្មភាពកាន់តែប្រសើរឡើង នៅក្នុងវិស័យផលិតកម្មបៃតង នឹងក្លាយជាកតាលីករចង្អុលទិស ដល់ប្រទេសចិននៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាន តាមគោលដៅនៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់ខ្លួន។
ជារួម ប្រទេសចិនក្នុងរយៈពេលជាង១ទសវត្សរ៍នេះ គោលគំនិតទាំង៥នៅក្នុងសេដ្ឋកិច្ចចិនបន្តប្រើប្រាស់ គោលការណ៍បៃតងភាពលើ ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ភាពបន្ស៊ីគ្នា ការបើកចំហ ការអភិវឌ្ឍ និងសុខុមាលភាពសង្គម ហើយដែលនិន្នាការសេដ្ឋកិច្ចបៃតង បានចាក់ឬសយ៉ាងជ្រៅទៅក្នុងសង្គមចិន ដែលបាននាំប្រទេសចិនក្លាយជាគំរូភាពមួយ នៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយ យ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបានគោលដៅសមស្រប រវាងកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន ព្រមទាំងជាកាលានុវត្តភាព នៃបទពិសោធន៍សកលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ពិភពលោក និងលើកកម្ពស់គុណភាពរស់នៅរបស់មនុស្សជាតិ ស្របតាមគោលការណ៍គ្រឹះនៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន