(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យកសាងស្ពានក្នុងវិស័យសេដ្ឋកិច្ចសកល ខណៈដែលទីក្រុងប៉េកាំង កំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដែនដីជាមួយប្រទេសជិតខាង ក៏ដូចជាដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤។
ថ្លែងក្នុងសន្និសីទដើម្បីរំលឹកដល់គោលការណ៍ណែនាំរបស់ចិនសម្រាប់កិច្ចការបរទេស ដែលបង្កើតឡើងជាលើកដំបូងកាលពី ៧០ឆ្នាំមុន លោក Xi និយាយថា ចិននឹងមិនចាកចេញពីផ្លូវនៃការអភិវឌ្ឍដោយសន្តិភាពឡើយ។ លោក Xi បានប្រាប់អ្នកចូលរួមសន្និសីទ ដែលរួមមានអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein និងអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nong Duc Manh ថា ចិនក៏នឹងមិនធ្វើខ្លួនជារដ្ឋខ្លាំង ដែលព្យាយាមត្រួតត្រាអ្នកដទៃនោះដែរ។ លោក Xi គូសបញ្ជាក់ថា «ប្រឈមមុខនឹង ប្រវត្តិសាស្រ្តនៃសន្តិភាព ឬសង្រ្គាម ភាពរុងរឿង ឬឯកភាព ឬការប្រឈមមុខដាក់គ្នាច្រើនជាងពេលណាៗទាំងអស់ យើងត្រូវបន្តស្មារតី និងអត្ថន័យនៃគោលការណ៍ទាំង ៥ នៃការរួមរស់ដោយសន្តិភាព»។
គួរបញ្ជាក់ថា គោលការណ៍ទាំង ៥ នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៥៤ បានលេចចេញជារូបរាងឡើង ជាមួយឥណ្ឌាដែលជា ប្រទេសគូប្រជែងក្នុងតំបន់ ជុំវិញបញ្ហាព្រំដែន Himalayan។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០មក បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ចិន បានចាកចេញពីការមិនទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ដោយប្រែខ្លួនទៅជា ប្រទេសមានឥទ្ធិពលខ្លាំងផ្នែកការទូត និងមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក៕