(ឡាប៉ាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីបូលីវី លោក Luis Arce បានចេញមុខប្រកែកថា រូបលោកពុំបានសមគំនិត ជាមួយមេទ័ព ដែលត្រូវបានចាប់ខ្លួន ក្រោយដឹកនាំការធ្វើរដ្ឋប្រហារយោធាបរាជ័យ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។
កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពនិងរថក្រោះមួយចំនួន ត្រូវបានដាក់ពង្រាយនៅទីលាន Plaza Murillo ហើយព្យាយាមសម្រុកចូល ក្នុងវិមានប្រធានាធិបតីបូលីវី នៅរដ្ឋធានី La Paz ក្រោមការដឹកនាំរបស់ មេបញ្ជាការកងទ័ពជើងគោក លោក Juan Jose Zuniga ដែលទើបត្រូវបានដកហូតតួនាទី។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោក Arce ប្រកាសតែងតាំងមេបញ្ជាការទ័ពជើងគោកថ្មី កងកម្លាំងនិងរថក្រោះ ក៏ត្រូវបានដកថយចេញទៅវិញ ហើយលោក Zuniga ត្រូវបានចាប់ខ្លួន។ លោក Zuniga បានអះអាងថា រូបលោកតាមពិតបានធ្វើបែបនោះ តាមការបញ្ជារបស់លោក Arce ដែលសង្ឃឹមថា វាអាចនឹងជួយបង្កើនប្រជាប្រិយភាពរបស់ លោកប្រធានាធិបតីឡើងវិញ ក្រោយបានធ្លាក់ចុះ។
លោក Arce បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Zuniga បានប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានោះ ដោយខ្លួនឯងផ្ទាល់ ដោយលោកមិនបានផ្តួចផ្តើមសមគំនិត ឬដឹងមុនអំពីផែនការនេះឡើយ។ លោក Arce បាននិយាយដូច្នេះថា «តើនរណាម្នាក់ អាចរៀបចំផែនការ ឬចេញបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាលើខ្លួនឯង បានដូចម្តេចទៅ?»។ កងកម្លាំងប៉ូលិសបង្រ្កាបកុបកម្ម ត្រូវបានដាក់ពង្រាយ ដើម្បីយាមកាមយ៉ាងដិតដល់ នៅតាមអគាររដ្ឋាភិបាល ក្រោយមានរដ្ឋប្រហារយោធាបរាជ័យនោះ។
គួរបញ្ជាក់ថា មនុស្សសរុប១៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងបុគ្គលិកយោធា ដែលកំពុងបម្រើការនិងចូលនិវត្តន៍។ មេបញ្ជាការកងទ័ពជើងទឹក លោក Juan Arnez Salvador ក៏ត្រូវបានចាប់ខ្លួនផងដែរ។ លោក Salvador និង លោក Zuniga ប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោមការចោទប្រកាន់ពី បទភេរវកម្ម និងបទបះបោរប្រដាប់អាវុធ៕