(អូតាវ៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសកាណាដា បានដាក់ចេញនូវទណ្ឌកម្មលើក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ៧នាក់ ដោយអះអាងថា ពួកគេបានចូលរួមក្នុងអំពើហិង្សាជ្រុលនិយម នៅតំបន់ West Bank ហើយវាជាចំណាត់ការលើកទីពីររបស់ទីក្រុង Ottawa ក្នុងរយៈពេលជាងមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤។
បុគ្គលដែលកាណាដា ប្រកាសដាក់ទណ្ឌកម្ម រួមមានទាំង លោក Ben-Zion Gopstein ស្ថាបនិក និងជាមេដឹកនាំអង្គការ Lehava ដែលគេស្គាល់ថាមាននិន្នាការស្តាំនិយម ប្រឆាំងនឹងការរួមបញ្ចូលគ្នានៃជនជាតិជ្វីហ្វ ជាមួយជាតិសាសន៍មិនមែនជ្វីហ្វ។ លោក Elisha Yered ជាអ្នកស្វែងរកយុត្តិធម៌ ដោយការសម្លាប់ជនជាតិប៉ាឡេស្ទីន ក្រោមហេតុផលសាសនា និងលោក Shalom Zicherman ដែលក្រសួងការបរទេសអាមេរិក នៅឆ្នាំនេះ អះអាងថាបានវាយប្រហារលើសកម្មជនអ៉ីស្រាអែល និងរថយន្តរបស់ពួកគេនៅតំបន់ West Bank។
រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងនៅតែព្រួយបារម្ភខ្លាំង ជុំវិញអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងទីលំនៅ ដែលមានគំនិតជ្រុលនិយម នៅតំបន់ West Bank ហើយថ្កោលទោសនូវទង្វើបែបនេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតជនជាតិប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការរំពឹងទុកអំពីសន្តិភាពយូរអង្វែង សម្រាប់តំបន់ផងដែរ»។
គួរបញ្ជាក់ថា ចំណាត់ការរបស់កាណាដា ធ្វើឡើងបន្ទាប់ពីមានធានការស្រដៀងគ្នានេះរបស់សម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិក និងចក្រភអង់គ្លេស។ ទណ្ឌកម្មនេះ ក៏នឹងហាមប្រាមរាល់ការប្រាស្រ័យទាក់ទងជាមួយបុគ្គល និងអង្គភាពទាំងនោះ ហើយរារាំងពួកគេពីការចូលទៅប្រទេសកាណាដា៕