(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) និងប្រទេសសមាជិកចំនួនពីរគឺ លីទុយអានី និងអេស្តូនី បានហត្ថលេខាលើចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤។

កិច្ចព្រមព្រៀងជាមួយ EU បានដាក់ចេញនូវការប្តេជ្ញាចិត្តរបស់ប្លុក ដើម្បីជួយអ៊ុយក្រែនក្នុងវិស័យសន្តិសុខ និងគោលនយោបាយការពារជាតិចំនួន ៩ ដែលរួមមានទាំងការផ្តល់អាវុធ ការបណ្តុះបណ្តាលយោធា កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ និងការដោះមីន។ ចំណែក កិច្ចព្រមព្រៀងជាមួយលីទុយអានី និងអេស្តូនី មានបំណងបំពេញបន្ថែមលើកិច្ចព្រមព្រៀងស្រដៀងគ្នាផ្សេងទៀត ដែលផ្សាភ្ជាប់រវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈកំពុងបន្តប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានចុះកិច្ចព្រមព្រៀងបែបនេះជាមួយទីក្រុងកៀវដែរ។ ប៉ុន្តែបើតាមក្រុមមន្រ្តី កិច្ចព្រមព្រៀងនេះមិនដូចកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ក្នុងចំណោមសមាជិកណាតូនោះទេ គ្រាន់តែមាននូវការសន្យាផ្តល់អាវុធសម្រាប់អ៊ុយក្រែន និងជំនួយផ្សេងទៀតដើម្បីពង្រឹងសន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាការទប់ស្កាត់ការឈ្លានពានណាមួយ នាពេលអនាគត៕