(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ចូ បៃដិន ថាបានដឹកនាំប្រទេសអន់បំផុតខាង សេដ្ឋកិច្ច ដោយបណ្ដោយឱ្យមានអតិផរណាកើនឡើងកាន់តែខ្ពស់ ដែលនេះបានឆ្លុះបញ្ចាំងថាការឡើងថ្លៃទំនិញ និងការចំណាយសម្រាប់ជីវភាពរស់នៅ បានក្លាយជាបញ្ហាដ៏សំខាន់ មួយ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ អំឡុងវេទិកាតស៊ូមតិទល់មុខជាមួយលោក ចូ បៃដិន រៀបចំឡើងទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅ សហរដ្ឋអាមេរិក) នៅក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក (លោក ចូ បៃដិន) មិនបានធ្វើការងារឱ្យបានល្អនោះទេ។ លោកបាន ដឹកនាំអន់បំផុត...ហើយអតិផរណាកំពុងសម្លាប់ប្រទេសរបស់យើង។ ជាការពិតណាស់វាកំពុងសម្លាប់ពួកយើង»

ក៏ប៉ុន្តែជាការឆ្លើយតប លោក បៃដិន បានអះអាងថាសេដ្ឋកិច្ចអាមេរិក មានភាពល្អប្រសើរនៅក្រោមការដឹកនាំរបស់លោក តែលោកថាត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ អ្នកធ្វើការប្រើប្រាស់កម្លាំងពលកម្ម។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយលោក ចូ បៃដិន មានអាយុ៨១ឆ្នាំ និងលោក ដូណាល់ ត្រាំ មានអាយុ៧៨ឆ្នាំ ត្រូវបានគេសន្មត់រួចទៅហើយថា នឹងត្រូវតតាំងគ្នាជាថ្មីក្នុងការបោះឆ្នោតនេះ៕