(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ចេញទណ្ឌកម្មថ្មីៗបន្ថែមប្រឆាំងអ៉ីរ៉ង់ ជាការឆ្លើយតបទៅនឹងការបង្កើនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ចំពោះមុខការព្រួយបារម្ភថា ទីក្រុងហេរ៉ង់ កំពុងកាន់តែខិតជិតទៅរកការផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែ មកនេះ អ៉ីរ៉ង់បានប្រកាសពីការពង្រីការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្រោមមធ្យោបាយដែលមិនមានគោលដៅស៊ីវិលគួរឱ្យទុកចិត្តបាននោះទេ»។ លោកបន្តទៀតថា «យើង នៅតែមានការតាំងចិត្តមិនអនុញ្ញាតឱ្យអ៉ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរនោះឡើយ ហើយយើងបានត្រៀមលក្ខណៈជាស្រេចដើម្បីប្រើប្រាស់គ្រប់មធ្យោបាយសំដៅសម្រេចបាននូវ លទ្ធផលនេះ»

គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីខាងលើរបស់សហរដ្ឋអាមេរិក គឺមានគោលដៅលើក្រុមហ៊ុនចំនួន៣ មានមូលដ្ឋានក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេង ឬផលិតផលគីមឥន្ធនៈរបស់អ៉ីរ៉ង់ រួមទាំងកប៉ាល់១១គ្រឿងផ្សេងទៀតផងដែរ។ កាលពីដើមខែមិថុនា ក្រុមប្រទេស G7 បានព្រមាន ប្រឆាំងអ៉ីរ៉ង់ ជុំវិញការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងបានបញ្ជាក់ថាពួកគេបានត្រៀមរួចជាស្រេចដើម្បីអនុវត្តទណ្ឌកម្មថ្មីៗ ប្រសិនបើអ៉ីរ៉ង់ហ៊ានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ទៅឱ្យរុស្ស៉ី៕