(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការការពារសន្តិសុខហ្វីលីពីន ក្រោយសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការប្រកាសរបស់សេតវិមាន បន្ទាប់ពីកិច្ចពិភាក្សារវាងទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសទាំងពីរកាលពីថ្ងៃពុធ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងសមភាគីហ្វីលីពីន លោក Eduardo Año «បានពិភាក្សាអំពីក្តីបារម្ភរួមគ្នា ជុំវិញសកម្មភាពដ៏គ្រោះថ្នាក់ និងការបង្កើនភាពតានតឹងរបស់ចិនប្រឆាំងនឹងប្រតិបត្តិការតាមសមុទ្រស្របច្បាប់របស់ហ្វីលីពីន នៅជិតកោះថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។

ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានការទង្គិចគ្នាជាច្រើនលើក រវាងនាវាចម្បាំងរបស់ហ្វីលីពីន និងចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលភាគីទាំងពីរអះអាងថាជាដែនទឹករបស់ខ្លួន។ ការប្រកាសរបស់សេតវិមាននេះ គឺជាការបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្ររបស់សហរដ្ឋអាមេរិច ចំពោះហ្វីលីពីន ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួននៅក្នុងតំបន់៕